ព័ត៌មានជាតិ

អំណោយមនុស្សធម៌ ត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៦២គ្រួសារ​ ក្នុងស្រុកជីក្រែង

(សៀមរាប) ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ឃុំ មានចំនួន១៦២គ្រួសារ ត្រូវបានទទួលអំណោយពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប (ចែកពីរកន្លែងផ្សេងគ្នា)​ នាចុងសប្តាហ៍ព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមអស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា , អនុសាខា នាយកប្រតិបត្តិសាខា ,អាជ្ញាធរភូមិ ឃុំ ស្រុក ចូលរួមផងដែរ ។

លោក បូ មេងគ្រី ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឱ្យថា ដោយស្ថានភាពភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី៣០ កញ្ញា មកដល់ថ្ងៃទី៧ តុលា បានធ្វើឱ្យភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះឃុំជីក្រែង និង ឃុំពង្រក្រោម បានរងផលប៉ះពាល់ធ្ងន់ជាងបណ្តាឃុំផ្សេងៗ ដែលមាន១៦២គ្រួសារ ត្រូវបានរងការលិចលង់ផ្ទះសម្បែង ក្នុងនោះប៉ះពាល់ដំណាំស្រូវ ៩ពាន់១២៧ហិកតា លើ ១២ឃុំ ស្មើ១២០ ភូមិ មាន៦ពាន់៤៣៤គ្រួសារ ប៉ះពាល់ដំឡូងមីប្រមាណ ៨១៣ហិកតា លើ៤ឃុំ មាន២៩ភូមិ ស្មើ១ពាន់២០៨គ្រួសារ និងលិចទំនប់ប្រឡាយ ប្រវែង ៧១ពាន់៧ម៉ែត្រ ,ងាប់គោ ២ក្បាល និង មាន់ទាងាប់ អស់៤ពាន់១១៤ក្បាល់ផងដែរ។

នាឱកាសនោះដែរ​ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ក្នុងនោះលោកជំទាវ បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះបញ្ហាគ្រោះមហន្តរាយគឺមិនអាចកំណត់បាននោះឡើយ កត្តាសំខាន់យើងទាំងអស់គ្នារួមទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវតែចូលរួម តាមរយៈយន្តការនានា ដើម្បីធានាបាននូវសុវត្ថិភាព ស្ថេរភាពនិងបានរួចផុតពីបញ្ហាប្រឈមនានាដែលបង្កឡើងដោយគ្រោះធម្មជាតិ។

លោកជំទាវបានបន្តទៀតថា គ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ នេះគឺជាប្រធានស័ក្តដែលបង្កឡើងដោយធម្មជាតិ។ ថ្វីត្បិតតែអំណោយមានចំនួនតិចតួច មិនគ្រប់គ្រាន់ឆ្លើយតបទៅនឹងការខ្វះខាតក្តី តែវាជាទឹកចិត្តមនុស្សធម៌ជួយគ្នា ដើម្បីសម្រាលនូវការលំបាកជាបណ្តោះអាសន្នបានមួយចំណែក ហើយអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ព្រមទាំងជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកជំទាវបានបញ្ជាក់ថា ស្ថិតនៅក្នុងរដូវវស្សា ដែលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ សូមឱ្យលោកតា លោកយាយ អ៊ំ មាមីង បងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្នទាំងខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ កូនចៅពីគ្រោះមហន្តរាយដោយធម្មជាតិ មានខ្យល់កន្ត្រាក់ ទឹកជំនន់ រន្ទះជាដើម ពិសេសមេឃរៀបភ្លៀង និង កំពុងភ្លៀងធ្លាក់ ដោយត្រូវរួសរាន់រកទីតាំងសុវត្ថិភាព និង កុំបណ្តែកបណ្តោយឱ្យក្មេងៗលេងក្រៅផ្ទះ លេងទឹកដើមី្បជៀសវាងនូវប្រការអាក្រក់ណាមួយកើតឡើងដល់បងប្អូន។ លោកជំទាវក៏បានក្រើនរំឮកបងប្អូនប្រជាពលរដ្ឋ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។
អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនទាំង ១៦២គ្រួសា មាន អង្គរ, មី,ត្រីខ,អំបិល , ស្ករស,ទឹកត្រី , មុង ,ភួយ , សារុង ក្រមា និង ថវិកា ៥ម៉ឺនរៀលផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។