ព័ត៌មានជាតិ

កាសុីណូ”ធីជីហ្គេនទីង” នៅច្រកព្រំដែនឡាប៉ាខេ បើកទ្វារឲ្យពលរដ្ឋខ្មែរបណ្ដើរគ្នាត្រសង ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ!

(មណ្ឌលគិរី) ៖ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ពីអ្នកភូមិដែលរស់ នៅក្នុងមូលដ្ឋាននៃច្រកព្រំដែនឡាប៉ាខេ បានឲ្យ ដឹងថា ថៅកែកាស៊ីណូ”ធីជីហ្គេនទីង” ដែលមានទីតាំងនៅជិតច្រកព្រំដែនឡាប៉ាខេ ស្ថិតនៅឃុំស្រែខ្ទម ស្រុក កែវសីម៉ាខេត្តមណ្ឌលគិរី ប្រើយុទ្ធសាស្ត្រថ្មីដោយឲ្យមេការ ដើរគៀងគរពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនានា ចូលទៅលេងល្បែងសុីសង គ្រប់ប្រភេទដោយសេរី។ មេការដែលមានសមត្ថភាពអូសទាញប្រជាពលរដ្ឋខ្មែរឲ្យចូលលេងល្បែងបានច្រើនមេការនោះនឹងបានរង្វាន់ពីថៅកែកាស៊ីណូ។

ប្រភពដដែលបានបន្តថា មិនត្រឹមតែលេងល្បែងតែ ប៉ុណ្ណោះទេ ពួកគេបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅនិង មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខនានា ខ្លាចកើត មាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរ លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។បើទោះបីជាទង្វើនេះ ផ្ទុយនឹងច្បាប់របស់ប្រទេសយ៉ាង ណាក៏ដោយ ក៏គេមិនដែលឃើញស្នងការនគរបាលខេត្តមណ្ឌលគិរី ចុះទៅអើតឈ្ងោកចាត់វិធាតការ បង្ក្រាបកាស៊ីណូល្មើសច្បាប់នេះម្ដងណាឡើយ។ ភាពស្ងៀម ស្ងាត់របស់កម្លាំងមានសមត្ថកិច្ច ជាពិសេសនគរបាលធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលថា ទំនងជាបានលិឍហើយមើលទៅ។

អ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅធ្លាប់បានដឹងហើយថាកាស៊ីណូនីមួយៗនៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ។ ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់អាជីវកម្ម បើកកាស៊ីណូជារឿងត្រឹមត្រូវ ប៉ុន្តបើអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងអស់នោះ គឺជារឿងខុសច្បាប់។ ដូច្នេះទាំងអស់គ្នាដឹងថា ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងគឺជារឿងខុសច្បាប់។ក៏ ប៉ុន្តែនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចមិនបង្ក្រាបជនប្រព្រឹត្តល្មើសច្បាប់ជាចំហ តួយ៉ាងដូចជា ថៅកែកាស៊ីណូខាងលើនេះឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងបង្កលក្ខណៈងាយ ស្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរទៅលេងល្បែងដោយសុខសុវត្ថិភាពប្រកបដោយភាពរីករាយថែមទៀតផង។

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរ បាលខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាពិសេសជួយចាត់វិធាន ការតាមផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់នៅក្នុងកាស៊ីណូ”ធីជីហ្គេនទីង”នៅជិតច្រកព្រំដែនឡាប៉ាខេ” នេះផង។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ ជា កើតមានអំពើហិង្សាក្នុងគ្រួសារ,កើតមានចោរលួច ចោរឆក់,ចោរប្លន់ ជាក់ជាមិនខានឡើយ ប្រជាពលរដ្ឋ និងមហាជនសង្ឃឹមយ៉ាងមុតមាំលើលោកឧត្តមសេនីយ៍ទោស្នងការខេត្តមណ្ឌលគិរី និងមានវិធានការបង្ក្រាបល្បែងគ្រប់ប្រភេទនៅក្នុងកាសុីណូ”ធីជីហ្គេនទីង”នេះក្នុងពេលឆាប់ៗ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។