ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលចំនួន១៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១៤៤៧នាក់ នៅក្រុងបាត់ដំបង

(បាត់ដំបង) :នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលចំនួន១៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១៤៤៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អ៊ុយ រី ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអានសុន្ទរកថា និងរបាយការណ៍ស្វាគមន៍ជូនសម្តេច និងអង្គពិធី។

បន្ទាប់ពីស្តាប់សុន្ទរកថា និងរបាយការណ៍ស្វាគមន៍រួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្រាប់សម្តេចផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត សូមសម្តែងនូវការដឹងគុណចំពោះបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។

ឆ្លៀតឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានលំអោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើ ពលីកម្មដើម្បីបុព្វហេតុ រំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិជាទីស្នេហា សូមឱ្យវិញ្ញាណក្ខន្ធបងប្អូនទាំងអស់ ដែលបានចែកឋានហើយនោះបានទៅសោយសុខក្នុង សុខគតិភពកុំបី អាក់ខានឡើយ និងបានផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ក្នុងបុព្វហេតុជាតិ មាតុភូមិនៅទូទាំងប្រទេស និងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាព គោលដៅមនុស្សធម៌ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិសាស្ត្រជាច្រើន និងបានទទួលរងនូវមហាវិនាសកម្មបំផ្លិចបំផ្លាញជាតិ ទុក្ខសោកដោយ អំពើរំលោភឈ្លានពានពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្តបន្ទាប់ ដោយ ឡែកក្នុងរបប០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប៉ុលពតបានធ្វើឱ្យកម្ពុជា វិនាសហិនហោច ខ្ទេចខ្ទី ទាំងសេដ្ឋកិច្ច សង្គមកិច្ច ទាំងវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។ល។ ប្រជាជន កម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ បង្អត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់ទាំងថ្ងៃទាំងយប់ និងត្រូវបានកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ ក្រុមគ្រួសារត្រូវរងទុក្ខ វិនាស បែកបាក់ ព្រាត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។ សម្តេចបានបន្ថែម ថាទីណាមានការឈ្លានពាន មានការជិះជាន់ កាប់សម្លាប់ ទីនោះត្រូវ តែមាន ការតស៊ូ រើបម្រាស់ដាច់ខាត។ ការទទួលរងទុក្ខបុកម្នេញ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះហើយ ទើបមានចលនា តស៊ូ រណសិរ្ស២ធ្នូ ១៩៧៨ បានចាប់បដិសន្ធិឡើង ដើម្បីផ្តួលរំលំរបបដ៏សែនយង់ឃ្នងនេះ តាមរយៈការធ្វើចលនាតស៊ូរំដោះជាតិ រំដោះអាយុជីវិតទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្ល ជាសច្ចធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះគឺថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាការបើកនូវទំព័រសករាជថ្មីនៃកម្ពុជា។ វិនាសកម្មដែល បន្សល់ពីរបបដ៏សាហាវ និងសង្គ្រាមអូសបន្លាយជិតពីរទសវត្សបានបន្សល់ ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងការបែកបាក់ ព្រាត់ប្រាស់គ្រួសារ ជាច្រើនរាប់មិនអស់។

សម្តេច បានលើកឡើងថា ពិតមែនតែប្រទេសជាតិត្រូវបានរំដោះ និងប្រជាជន បានរស់រានឡើងវិញក៏ដោយ ក៏ប្រទេសជាតិនាពេលនោះស្ថិតក្នុងស្ថានភាព មានសន្តិភាពផង និងសង្គ្រាមស៊ីវិលផង ដែលជាដំណាក់កាលត្រូវការពារស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅ លើកកម្ពស់សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមក ក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវ សុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា អាចជ្រោងសភាពការណ៍ បានលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការការពារជាតិមាតុភូមិ និងធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លទ្ធិប្រជាធិតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់។ ដំណើរការកែទម្រង់នានា កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាក្នុងឆន្ទៈមុតស្រួច និងទទួលបានផ្លែផ្កា។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តគោលនយោបាយលើកស្ទួយវិស័យនិវត្តជនស៊ីវិល និងនិវត្តន៍ជន អតីតយុទ្ធជន រួមមានៈការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង ៣ល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីត យុទ្ធជនតាមមូលដ្ឋាន, ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។

រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកភោគផល អភិវឌ្ឍន៍ដោយ សមធម៌ តាមរយៈបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាល ។ ល។

សម្តេច មានប្រសាសន៍បញ្ជាក់បន្តថា បងប្អូននិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានមានវត្តមាននៅទីនេះក្តី មិនមានវត្តមាននៅទីនេះក្តី គឺសុទ្ធជាអ្នកដែលបានចូលរួមចំណែកដើម្បីបញ្ចប់សង្គ្រាម ឬក៏ថាដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយឈានទៅបញ្ចប់សង្គ្រាម តាមបន្ទាត់នយោបាយ ឬក៏តាមគោលការណ៍ ឆន្ទៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេច បញ្ជាក់បន្ថែមថា ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានដួលរលំ នៅឆ្នាំ១៩៧៩ កម្លាំងដែលនៅសេសសល់ បានទៅប្រមូលផ្តុំដើម្បីតស៊ូប្រឆាំងនិងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ប៉ុនប៉ងនាំរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញ បងប្អូននិវត្តន៍ និងអតីតយុទ្ធជន ទាំងអស់ដែលបានសម្រេចចិត្ត ដើម្បីចូលរួមតស៊ូ ក្នុងការទប់ស្កាត់ប្រឆាំង និងការវិលត្រឡប់មកវិញ នៃរបបប៉ុលពត របបប្រល័យពូជសាសន៍ ហើយនិងចូលរួមដើម្បីបញ្ចប់សង្គ្រាម កសាងសន្តិភាព នោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយក៏បញ្ជាក់អំពីទឹកចិត្តឧត្តមគតិស្នេហាជាតិច្បាស់លាស់របស់បងប្អូន ហើយអាចនិយាយបានថាអ្វីៗដែលយើងមានសព្វថ្ងៃនេះគឺមិនបានកាត់ថ្លៃបាននូវគុណនូវសក្ការរបស់អស់លោក លោកស្រី ដែលជាមន្ត្រីចូលនិវត្តន៍ ហើយជាអតីតយុទ្ធជននោះទេ។

សម្តេច បន្តថា យើងប្រើពាក្យថាអតីយុទ្ធជន មានន័យថាបងប្អូនយុទ្ធជនខ្លះដែលគាត់មិនទាន់ចូលនិវត្តន៍ ប៉ុន្ដែដោយសារពិការ បាត់បង់ កាយសម្បទាវិជ្ជាជីវៈ អ៊ីចឹងហើយគាត់មិនអាច បន្តធ្វើជាយុទ្ធជនកងទ័ព ឬក៏ជានគរបាលបានទៀតទេ ត្រូវសម្រាក នេះហើយដែលយើងហៅថាអតីតយុទ្ធជន ប៉ុន្តែវាខុសពី យោធាចូលនិវត្តន៍ បានន័យថាគាត់នៅមានកាយសម្បទាគ្រប់គ្រាន់តែអាយុរបស់គាត់ដល់ឆ្នាំដែលត្រូវចូលនិវត្តន៍ មន្ត្រីរាជការស៊ីវិលក៏ដូចគ្នាដែរមានមន្ត្រីរាជការស៊ីវិលខ្លះដែលគាត់បាត់បង់សមត្ថភាពលកម្ម កាយសម្បទាវិជ្ជាជីវៈ ក៏សម្រាកមុនពេលចូលនិវត្តន៍ អ្នកមួយចំនួនទៀតចូលនិវត្តន៍ ប៉ុន្តែទាំងអស់នេះ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជន គឺមិនបានបោះបង់ចោលទេ គឺបានយកចិត្តទុកដាក់ដើម្បីជួយសម្រាល នូវការលំបាកក្នុងជីវភាពបងប្អូនពីព្រោះថា នេះជាការនឹកគុណដល់អ្នកដែលបានចូលរួមចំណែក ក្នុងបុព្វហេតុជាតិ ចឹងហើយបានខ្ញុំបញ្ជាក់អម្បាញ់មិញថាសមិទ្ធផលដែលយើងមានថ្ងៃនេះគឺមិនអាច មិនរំឭកដល់គុណបំណាច់របស់អស់លោក លោកស្រីទាំងអស់នោះបានទេ នេះគឺជាសច្ចធម៌ជាក់ស្តែង អ៊ីចឹងហើយបានជាការឆ្លើយតប រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនត្រូវតែយកចិត្តទុកដាក់ដើម្បីដោះស្រាយ កន្លងទៅ ក៏ដូចបច្ចុប្បន្ននេះ យើងមានគណៈកម្មការ ឬមានយន្តការនានាជាច្រើន ដើម្បីនឹងជួយដោះស្រាយបញ្ហានេះ ហើយហ្នឹងយើងបន្តធ្វើបញ្ហានេះតទៅទៀត។

សម្តេចក្រឡាហោម បានឲ្យដឹងថា មិនដល់មួយសប្ដាហ៍ទៀតទេ គឺដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងចាប់ផ្តើមសម្រាប់អាណត្តិទី៥ ការបើកយុទ្ធនាការនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ថ្ងៃទី៤ ជាថ្ងៃ សម្រាក ឬថ្ងៃស ស្ងាត់ស្ងៀម ហើយថ្ងៃទី៥ គឺជាថ្ងៃបោះឆ្នោត យើងបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ បានចំនួន៤លើករួចមកហើយ គឺនៅឆ្នាំ២០០២ ២០០៧ ២០១២ និង២០១៧ ឥឡូវនេះ ឆ្នាំ២០២២ សម្រាប់អាណត្តិ៥ឆ្នាំបន្តទៀត។

តាមរយៈរបាយការណ៍របស់ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹងថា មកទល់ពេលនេះមាននិវត្តជនស៊ីវិល និង និវត្តជនអតីតយុទ្ធជនសរុបជាង១០ម៉ឺននាក់ និងអ្នករស់នៅក្នុងបន្ទុក ចំនួន ប្រមាណជាង១៥ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយបើកផ្ដល់តាមប្រព័ន្ធធនាគារដៃ គូនៅទូទាំង២៥ រាជធានី ខេត្ត។ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនប្រចាំខែដូចប្រាក់វិភាជន៍ គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរចំនួន ៥ម៉ឺនរៀល និងបានកែប្រែ និងដំឡើងរបបសន្តិសុខសង្គម ប្រចាំខែជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទាបបំផុតអោយ ដល់ចំនួន៨០ម៉ឺនរៀលក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។

សម្តេច មានប្រសាសន៍គូសបញ្ជាក់បន្តថា ថ្វីត្បិតតែយើងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន នៅមានឧបសគ្គជាច្រើន ទៀតដែលយើងត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងនោះជាបន្ត បន្ទាប់ទៀត ក្នុងនោះយើងត្រូវបន្តពង្រឹង និងពង្រីកសេវា បណ្តុះបណ្តាល ជំនាញជាដើម ដើម្បីឱ្យបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ទទួលបាន នូវសមត្ថភាព និងលទ្ធភាពដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែល្អ ប្រសើរឡើងបន្ថែមទៀត។ សម្តេច បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងឡាយ ចូលរួមជំរុញកិច្ចការលើកស្ទួយសុខុមាលភាព និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជនឱ្យមានជីវភាពប្រសើរឡើងថែម មួយកម្រិតទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។