ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ.

(ភ្នំពេញ) :នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ស.ហ. ព្រមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ ទោះបីមានការប្រឈមនឹងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក៏ដោយ ក៏សម្ដេចសង្កេតឃើញថាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គ.ស.ហ. បានខិតខំពេញភារកិច្ចយ៉ាងសកម្ម។

សម្ដេចបានមានប្រសាសន៍ថាលទ្ធផលសម្រេចបានក្នុងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងក៏ឆ្លើយតបអនុសាសន៍របស់អន្តរជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះទៅតាមឆន្ទៈរបស់របស់រាជរដ្ឋាភិបាលផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។