ព័ត៌មានជាតិ

ឯកឧត្តម តូច ប៊ុនហួរ អញ្ជើញចែកគ្រាប់ពូជស្រូវជូនដល់ប្រជាកសិករចំនួន ១ ១៤៧គ្រួសារនៅក្នុងស្រុកសំរោង

(តាកែវ) ៖នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចែកគ្រាប់ពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករចំនួន ១ ១៤៧គ្រួសារ នៅក្នុងស្រុកសំរោង ខេត្តតាកែវ។

បងប្អូនប្រជាកសិករទាំង ១ ១៤៧គ្រួសារ បានទទួលរងការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងក្នុងរដូវប្រាំងកាលពីពាក់កណ្តាលខែមករាកន្លងទៅនេះ ដើម្បីដាំដុះស្តារឡើងវិញ។ គ្រាប់ពូជស្រូវដែលចែកនៅពេលនេះមានសរុបចំនួន ១១៤,៧តោន ក្នុងនោះរួមមាន ពូជស្រូវសែនក្រអូបចំនួន ៣៧តោន និង OM5451ចំនួន ៧៧,៧តោន។

ពិធីចែកគ្រាប់ពូជស្រូវនេះ មានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម សុទ្ធ គឹមកុលមុនី តំណាងរបស់ឯកឧត្តមសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមឈុំ ឆុនលី និងឯកឧត្តមសៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងភ្ញៀវចូលរួមជាច្រើនទៀត។

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍របស់អភិបាលស្រុក និងរបាយការណ៍សង្ខេបរបស់ លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ លោកបណ្ឌិតគង់ គា បានជម្រាបជូនអង្គពិធីអំពីលក្ខណៈនៃប្រភេទពូជស្រូវទាំងពីរ និងបានណែនាំអំពីបច្ចេកទេសបណ្តះគ្រាប់ពូជ ការៀបចំដី និងការគ្រប់គ្រងស្មៅចង្រៃ និងបច្ចេកទេសក្នុងការថែទាំស្រូវឱ្យដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

នៅក្នុងមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានពាំនាំយកនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ ជាពិសេសនៅពេលជួបប្រទះគ្រោះមហន្តរាយនានា។ ជាក់ស្តែងបន្ទាប់ពីទទួលបានសំណើពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលឯកឧត្តមអភិបាលជាប្រធាន គឺសម្តេចបានអនុម័តបញ្ចេញគ្រាប់ពូជស្រូវជិត ៥០០តោន មកចែកជូនប្រជាកសិករសម្រាប់ដាំដុះស្តារឡើងវិញ ក្រោយទឹកជំនន់។

ជាចុងក្រោយ ឯកឧត្តម តូច ប៊ុនហួរ ក្រៅពីបានចូលរួមសម្ដែងការសោកស្តាយចំពោះការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករទាំងអស់ ឯកឧត្តមបានលើកឡើងអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយ គឺបង្កើនការយកចិត្តទុក្ខដាក់កាន់តែខ្លាំងលើវិស័យកសិកម្ម ដែលជាមុខរបរសំខាន់របស់ប្រជាពលរដ្ឋភាគច្រើន។ ឯកឧត្តមស្នើឱ្យបងប្អូនប្រជាកសិករបន្តគាំទ្រសម្តេចតេជោឱ្យធ្វើនាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។