ព័ត៌មានជាតិ

ពលរដ្ឋ​ដុត​យក​សម្បុក​ឱ​ម៉ា​ល់​ក្បែរ​ចម្ការ​អំពៅ ធ្វើ​ឱ្យ​អណ្ដាត​ឆាបឆេះ​អស់​៦​ហិ​កតា!

(សៀមរាប) ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ដុត​យក​សម្បុក​ឱ​ម៉ា​ល់​នៅ​ក្បែរ​ចំការ​អំពៅ បណ្តាល​ឱ្យ​អណ្ដាតភ្លើង​ឆាបឆេះ​អស់​ចំនួន​៦​ហិ​កតា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​។ ហេតុការណ៍​ឆេះ​ចម្ការ​អំពៅ​អស់​៦​ហិ​កតា​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​៤០​នាទី​ល្ងាច ហើយ​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ឌុ​ត ខុន ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អ​គិ្គ​ភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៣​នេះ​ថា ករណី​អគ្គិភ័យ​ភ្លើង​ឆេះ​ចំការ​អំពៅ ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​នេះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៦​ហិត ដែល​មាន​ម្ចាស់​ឈ្មោះ ឆេ​ត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើតហេតុ លោក​បាន​សហការ​ជាមួយ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ដោយ​មាន​ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរ​បាល​​ខេត្ត​ចំនួន​២​គ្រឿង (​ប្រើប្រាស់​ទឹក​អស់​២​ឡាន​), រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​២​គ្រឿង (​ប្រើប្រាស់​ទឹក​អស់​២​ឡាន​) និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ចំនួន​១​គ្រឿង (​ប្រើប្រាស់​ទឹក​អស់​) ទើប​អាច​ទប់ទល់​ជាមួយនឹង​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ ហើយ​រលត់​ទៅ​វិញ​នៅ​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ គឺ​មក​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដុត​ភ្លើង​យក​សម្បុក​ឱ​ម៉ា​ល់​នៅ​ក្បែរ​នោះ ទើប​បណ្តាល​ឱ្យ​ភ្លើង​រាលដាល​ឆេះ​បែប​នេះ​តែ​ម្តង​។ បច្ចុប្បន្ន ចម្ការ​អំពៅ​ដែល​ឆេះ​អស់​ចំនួន​៦​ហិ​កតា​ខាងលើ​នោះ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​បាន​ទេ​ថា តើ​អស់​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។