ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តវេឡុវ័ន (ហៅវត្តទួលរកា) ស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវត្តវេឡុវ័ន (ហៅវត្តទួលរកា) ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ ហ៊ុន គឹមឡេង តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាស​នោះ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ បានថ្លែងថា​ នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាព ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ។​ ដោយ​មាន​ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ​ ។

ជាមួយគ្នានោះ​ ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឱ្យ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ដេីម្បី​ទប់ស្កាត់​បញ្ហា​ចំនួន​៣​ រួមមាន​ ១.បញ្ហា​គ្រឿងញឿន​ដែល​ជា​បញ្ហា​សកល​ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​​ ខណៈ​ដែល​រដ្ឋ​បាន​ធ្វើ​ការ​បង្ក្រាប​ យើង​ទាំងអស់គ្នា​​ត្រូវ​ជួយ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ដល់​ស្រទាប់​យុវជន​។
២.បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់​​ និង​រងរបួស​​ជាច្រើន​ករណី​ ក្រៅ​ពី​រាជរដ្ឋាភិបាល​មាន​វិធានការ​ យេីង​ត្រូវ​គោរព​ច្បាប់​ទាំងអស់គ្នា​ ជាពិសេស​ត្រូវ​អប់រំ​ណែនាំ​ដល់​កូនចៅ​ឱ្យ​បេីកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ ។
៣.បញ្ហា​ល្បែង​ស៊ីសង​ដែល​ត្រូវជួយ​​ផ្សព្វផ្សាយ​ ​គឺ​ល្បែង​តែងតែ​នាំ​មក​នូវ​ការ​វិនាស​ហិនហោច​ និង​បែកបាក់​គ្រួសារ​ផងដែរ​ ។

ក្នុង​ពិធី​បុណ្យ​​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ក្រោមការដឹកនាំព្រះគ្រូចៅអធិការ លីវ ស្តើង វត្តវេឡុវ័នបានកសាងសមិទ្ធផលនានាជាច្រើន រួមមាន៖ កសាងនឹងជួសជុលដំបូលព្រះវិហារ កសាងដងទង់ ដំបូលសាលាឆាន់ ខ្លោងទ្វារ ចាក់សាបក្នុងទីធ្លាវត្ត បង្គោលភ្លើង ចាក់ដីក្នុងទីធ្លាវត្ត និងសាលាឆាន់ធ្វើពីថ្ម ដោយអស់បច្ច័យកសាង សរុបចំនួន ២៩៨.៣៥០ដុល្លារ និងប្រាក់រៀល ២៨៣.២៤០.៥០០រៀល ក្នុងនោះ លោកជំទាវ លាង វួចឆេង និងសម្តេចទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រា​ បុត្រី ចូលរួមបច្ច័យសម្រាប់កសាងអស់ចំនួន ៩៤.៨០០ដុល្លារ និងប្រាក់រៀល ៣៦.១០០.០០០រៀល ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។