ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមនឹងសប្បុរស ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមនឹងសប្បុរស ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ដើម្បីចូលរួមក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០- កុម្ភៈ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ប្រធាន ក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេតេជោ ដែលបានជួយឧបត្ថម្ភជាសម្ភារ និងបរិក្ខាពេទ្យ ចំនួន ១៥០កេសធំ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ ។

ឯកឧត្តម អភិបាលខេត្តថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

ដោយឡែកក្រុមហ៊ុនសាប៊ូ លីប៉ាយ ក៏បានចូលរួមឧបត្ថម ជាសាប៊ូលាងដៃ ចំនួន ៣កេស សាប៊ូលាងចាន និងសាប៊ូលាងបន្លែផ្លែឈើ ចំនួន ២កេស សាប៊ូម្ស៉ៅចំនួន ១០កេស ម៉ាស់ចំនួន ១កេស កាដូអនុស្សាវរីយ៍ ចំនួន ១០ថង់ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។