ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោយកសាច់ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូ អញ្ជើញចុះធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោយកសាច់ និងគោយកកូន ហ៊ត លាង ស្ថិតនៅភូមិរាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជិត១០០នាក់ និងផ្តល់អនុសាសន៍ឲ្យបងប្អូន គិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងផែនការច្បាស់លាស់ក្នុងការពង្រីកការចិញ្ចឹមគោរបស់បងប្អូន បូករួមទាំងយុទ្ធសាស្ត្រ និងសមត្ថភាពដាំស្មៅជាចំណីគោ ពិនិត្យមេីលតម្រូវការទីផ្សារ ព្រមទាំងការកាត់បន្ថយចំណាយមិនចាំបាច់។ បន្ថែមពីនេះទៅទៀត ត្រូវមានការសហការ និងធ្វេីការរួមគ្នា និងប្រេីប្រាស់កិច្ចសន្យាកសិកម្ម ក្នុងការទិញលក់ជាដេីម។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កេីនទំនុកចិត្ត និងការជឿជាក់រវាងអ្នកលក់ និងអ្នកទិញ ដោយគិតគូរពីសុខភាព និងគុណភាពគោ ដោយមិនជំរុញការពង្រីកដែលគ្មានទីបញ្ចប់ឡេីយ។

សូមជម្រាបជូនថា លោក ហ៊ត លាង ជាអ្នកចិញ្ចឹមគោយកសាច់ និងគោយកកូន ដែលភាគច្រេីនជាគោពូជប្រាម៉ាន់ស និងក្រហម ហេីយបច្ចុប្បន្ននេះមានចំនួន ៧៨០ ក្បាល បូករួមទាំងការដាំស្មៅចំនួន ១៣ហិកតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។