ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមពិធីប្រកាសចូលកាន់ដំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម

(ភ្នំពេញ) ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមប្រកាសចូលកាន់ដំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម នៅអគារផ្ការំដួល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្តដល់មន្ត្រីជាន់ខ្ពស់ទាំងនោះ ត្រូវខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ អស់ពីកម្លាំងកាយចិត្ត មិនប្រកាន់ពីតួនាទី ហើយសហការជាមួយដៃគូពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីលើកកម្ពស់វិស័យកសិកម្មអោយកាន់តែរីកចំរើន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញមន្ត្រីក្រោមឱវាទទាំងនោះ ចុះសិក្សានៅតាមបណ្តាខេត្តនានាអំពីសក្តានុពល និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធិភាព ។

ឯកឧត្តម សាន វណ្ណទី ដែលទើបនឹងកាន់តួនាទីរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអោយមន្ត្រីដែលទើបតែងតាំងថ្មី បានឡើងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រនរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់ទំនុកចិត្ត និងជួយជ្រោមជ្រែងផ្តល់តួនាទីដល់មន្ត្រីក្រោមឱវាទបានបម្រើការងារក្នុងក្រសួងកសិកម្មនេះ។

ទទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វណ្ណទី ប្តេជ្ញាចិត្តថា និងបន្តសិក្សារៀនសូត្រ ហើយខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អប្រសើរ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ ដោយភាពម៉ឺងមាត់ មានទំនួសខុសត្រូវ គណនេយ្យភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមចង្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ។

បន្ថែមពីនេះ ឯកឧត្តមបញ្ជាក់ថា នឹងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងក្រសួងពាក់ព័ន្ធនានា ដើម្បីធ្វើអោយវិស័យកសិកម្ម កាន់តែរីកចំរើនប្រកបដោយនិរន្តរភាព ហើយគោរពឋានានុក្រមការងារដោយផ្អែកតាមភារកិច្ចដែលបានបែងចែក អនុវត្តការងារតាមអង្គភាពជំនាញនិងប្រកបដោយវិជ្ជាជីវៈ រួមទាំងគោរពគោលការណ៍ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ។

យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង និងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម សរុបចំនួន១០រូប ដែលមន្ត្រីជាន់ខ្ពស់ទាំងនោះ ជាក្បាលម៉ាស៊ីនសំខាន់ក្នុងការជួយគ្រប់គ្រង និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងព្រៃឈើ សត្វព្រៃ ជលផល ធនធានមនុស្ស និងផ្នែកកសិកម្ម ជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។