ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។

ក្រសួងព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោត​ទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនា​វដ្តី រូប​ថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវា​កម្មនានា​ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន៖

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកិច្ចពិភាក្សាក្នុងសន្និបាតនេះ បានផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានកាន់តែល្អប្រសើរ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរដល់ការដឹកនាំវិស័យព័ត៌មានរបស់រដ្ឋមន្ត្រីថ្មី និងសម្តែងការដឹងគុណលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំដឹកនាំវិស័យព័ត៌មាន និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការគាំទ្រក្រសួងព័ត៌មាន ដែលមានចក្ខុវិស័យធ្វើកំណែទម្រង់វិស័យព័ត៌មាន ឈរលើស្មារតី «ថ្មី ពិត លឿន និងជឿទុកចិត្ត»។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលំអរសង្គម
និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។

*សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គស្នងការនគរបាលជាតិ ពិនិត្យ រឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់សកម្មភាពគាស់ប៊ីយៀផឹកលើវេទិកា។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាធិបតេយ្យ ដែលអត់មានច្បាប់ នឹងក្លាយទៅជាអនាធិបតេយ្យ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ពាក់ព័ន្ធសារព័ត៌មានបង្កើតឡើង ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការបារម្ភចំពោះ AI ដែលអាចបង្កើតទៅជាបញ្ហាក្នុងសង្គម។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនដឹងគ្រប់សព្វនោះទេ ដូច្នេះត្រូវការសារព័ត៌មានជួយបំពេញបន្ថែម។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលរាជធានី-ខេត្ត មិនទាន់ស្រុះគ្នាឆ្លើយតបនឹងបញ្ហានៅឡើយទេ។ រឿងខ្លះអណ្តែតលើបណ្តាញព័ត៌មានយូរហើយ មិនដោះស្រាយ ទាល់តែណែនាំទើបចាត់វិធានការ។

*សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានក្រុមការងារពិសេសផ្នែកផ្សព្វផ្សាយ ដើម្បីជួយដល់ការផ្សាយរបស់រាជធានី ខេត្ត។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងអវិជ្ជមាន គេចេះវេចខ្ចប់ធ្វើឱ្យមានការចាប់អារម្មណ៍ ដោយឡែករឿងវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍។

*សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលរាជធានី-ខេត្ត មានឱកាសបង្កើតស្នាដៃ តែត្រូវផ្សព្វផ្សាយស្នាដៃឱ្យពលរដ្ឋដឹងឮផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៤៖២៣នាទីនារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ (Fresh News)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។