ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ឡាវ ជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយ ត្រូវការអគ្គិសនីពីឡាវ

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ។
នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
នៅក្នុងសន្និសីទសារព័ត៌មានសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប្រទេសឡាវ គឺជាធុងអាគុយ នៃអគ្គិសនីតំបន់អាស៊ាន ហើយកម្ពុជាជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីពីប្រទេសឡាវ ដូច្នេះហើយយើងផ្តល់ការយកចិត្តទុកដាក់ សហការគ្នា ទៅលើបញ្ហាអគ្គិសនី និងបញ្ហាទាក់ទងនឹងធ្យូងថ្ម» ។
សម្តេចបានមានប្រសាសន៍ទៀតថា យើងបានយល់ស្របជាមួយគ្នា ទាក់ទងនឹងការតភ្ជាប់រវាងខេត្តចំប៉ាសាក់ជាមួយខេត្តព្រះវិហារ និងរវាងខេត្តអាតាពើជាមួយខេត្តរតនគីរី ដែលជានេះជាការផ្តល់នូវអំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ យើងក៏បានពិភាក្សាគ្នា ទាក់ទិននឹងការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងឡាវ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា ការពិភាក្សារបស់យើង ក៏គ្រប់ដណ្តប់ទៅលើបញ្ហាវិស័យទេសចរណ៍ ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងវិស័យទេសចរណ៍តាមផ្លូវអាកាស ដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសហ្លួងព្រះបាទ ទៅសៀមរាប និងភ្នំពេញ ដែលផ្តល់ឱកាសសម្រាប់អ្នកទេសចរបង្វែរគោលដៅពីកម្ពុជាមកឡាវ និងពីឡាវមកកម្ពុជាផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។