ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានអានរបាយការណ៍របស់មន្ទីរដែលបានអនុវត្តនាពេលកន្លងរួមមានការងារស្នូលរបស់មន្ទីរ និងការងារផ្សេងៗ។ បន្ទាប់ពីការលើកឡើងពីរបាយការណ៍របស់មន្ទីររួចមក លោក ហេង សុខជា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលសាលាខេត្តកំពង់ចាម អានដីការ លេខ ០៣៣/២៣ ដក.តត ស្តីពីការតែងតាំង និងផ្លាស់ប្តូរកន្លែងធ្វើការមន្រ្តីរាជការ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១០រូប មានអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងផ្លាស់ប្តូរកន្លែងធ្វើការចំនួន០២រូប ។
ឆ្លៀតក្នុងឱកាសនៃការតែងតាំងអនុប្រធានមន្ទីរ និងប្រធានការិយាល័យ ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំដល់អនុប្រធានមន្ទីរការងារថ្មី ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូន។ ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយ វិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។ ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។ ទី៦- ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។ ជាងនេះទៅទៀត ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដែលបានសហការយ៉ាងល្អ ជាមួយនិងរដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយបញ្ហានានាជូនបងប្អូនកម្មករនិយោជិត និងចូលរួមអនុវត្តច្បាប់ស្តីពីការងារ សំដៅធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តម ណែនាំដល់លោកស្រី ឡាប ផាន់នី ដែលទទួលបានមុខតំណែងថ្មីជាអនុប្រធានមន្ទីរ ត្រូវខិតខំសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទនៃមន្ទីរការងារ រដ្ឋបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
ឯកឧត្តម បានធ្វើការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការអនុវត្តការងារបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក និងបានរួមចំណែកយ៉ាងធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និយាយដោយឡែក ពីមួយថ្ងៃទៅមួយថ្ងៃអោយកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។