ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ

(ភ្នំពេញ) ៖នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរាជទូតអំពីការរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ជាប់នឹងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា មានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ដែលទាមទារឱ្យមានដៃគូពាណិជ្ជកម្មពិតប្រាកដ និងមាននិរន្តរភាព។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះការស្នើឱ្យមានទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធ កម្មវិធីបណ្តុះបណ្តាលដូចជា TICA និងកិច្ចសហប្រតិបត្តិការដែលអនុវត្តជាក់ស្តែង ពិសេសលើវិស័យកសិកម្ម ព្រមទាំងកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ឯកឧត្តមចង់ឃើញការនាំចេញទៅកាន់ពិភពលោកក្នុងនាមសហគមន៍អាស៊ាន ដោយមិនមែនក្នុងនាមប្រទេសណាមួយឡើយ តាមរយៈការប្រើប្រាស់នូវមធ្យោបាយដែលមានស្រាប់ ដើម្បីទទួលបាននូវផលចំណេញ។ ឯកឧត្តមរដ្ឋមន្ត្រី នឹងបង្កើតក្រុមការងារមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាលម្អិតតាមអនុវិស័យនីមួយៗ ហើយឯកឧត្តមផ្ទាល់នឹងជួយគាំទ្របន្ថែមរួមទាំងទិដ្ឋភាពនយោបាយផងដែរ ដើម្បីជំរុញការងារនេះឱ្យដំណើរការរលូន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។