ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា SRP

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី ក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា Sustainable Rice Platform (SRP) រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវភូមិយើង និងសហភាពសហគមន៍កសិកម្មបាត់ដំបង នៅរោងម៉ាស៊ីនភូមិយើង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
កិច្ចសន្យាកសិកម្មនេះ គ្របដណ្ដប់លើផលិតកម្មស្រូវតាមស្ដង់ដា SRP ក្នុងឆ្នាំ ២០២៣ ដោយប្រើប្រាស់ប្រភេទពូជស្រូវផ្ការំដួល និងសែនក្រអូប០១ ក្នុងបរិមាណ សរុបចំនួន ៤៥០០ តោន។ មានសហគមន៍ចំនួន ៧ ជាសមាជិកសហភាពសហគមន៍បាត់ដំបង បានចូលរួមក្នុងការផលិតស្រូវចំណី ស្តង់ដា SRP នេះ ដែលមានសមាជិកចំនួន ៣៧៤ គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ១៣៩២ ហិកតា។
ឆ្លៀតក្នងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានក្រើនរំឭក និងសំណូមពរឲ្យភាគីពាក់ព័ន្ធបន្តសហការគ្នា និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ ការចុះកិច្ចសន្យាកសិកម្មនៅថ្ងៃនេះ វាគ្រាន់តែជាការចាប់ផ្ដើមសាកល្បងតូចមួយប៉ុណ្ណោះ យើងត្រូវបន្តធ្វើការជាមួយគ្នាបន្តទៀត ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ភាពជោគជ័យនៃការសហការគ្នានេះ នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស និងកសាងខ្សែច្រវាក់ផលិតកម្មស្រូវមួយ ដែលកសិករផលិតស្រូវនឹងទទួលបានទីផ្សារសម្រាប់ស្រូវរបស់ពួកគាត់ រីឯរោងម៉ាស៊ីននឹងទទួលបានស្រូវគុណភាពល្អសម្រាប់កែច្នៃ ក្នុងខណៈដែលកសិករផលិតពូជក៏មានទីផ្សារសម្រាប់ពូជសុទ្ធរបស់ពួកគាត់ដែរ។ លើសពីនេះទៀត ផលិតកម្មតាមកិច្ចសន្យានេះ នឹងចូលរួមចំណែក្នុងការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១ លានតោនក្នុងពេលខាងមុខ។
សូមបញ្ជាក់ថា ការចុះកិច្ចសន្យាលើផលិតកម្មស្រូវនេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួលពីកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១ (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។