ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងមន្ដ្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ

(ភ្នំពេញ) ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ដែលរៀបចំឡើងនាថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងពិធីដែលមានការចូលរួមពីមន្ដ្រីក្រោមឱវាទនៃក្រសួងជិត៤០០នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការបរិច្ចាគឈាមមានសារៈសំខាន់ណាស់ សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិ។

ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់មន្ត្រីរាជការ និងជាពិសេសបងប្អូនយុវជនដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមដល់អ្នកត្រូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម គួរផ្តល់មេដាយសម្រាប់អ្នកផ្តល់ឈាមចាប់ពី៥ដងឡើងទៅ និងត្រូវមានការយកចិត្តទុកដាក់ពីវិស័យ ឯកជនផងដែរ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងនៅក្នុងពិធីបរិច្ចាគឈាមដែរថា ការលះបង់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត ដែលបានចូលរួមបរិច្ចាគឈាម មានសារៈសំខាន់ណាស់សម្រាប់សង្គ្រោះអាយុជីវិតមនុស្សជាតិដែលត្រូវការឈាម។ ករណីនេះ លោក អំពាវនាវ ឱ្យមានការចូលរួមនូវយុទ្ធនាការផ្សេងៗនៅថ្ងៃខាងមុខ។

លោកបញ្ជាក់ថា ការបរិច្ចាគឈាមដោយមិនគិតកម្រៃ គឺជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ ដោយផ្សារភ្ជាប់នឹងការមិនរើសអើងពូជសាសន៍ និងសាសនា។ បន្ថែមពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយមានតែឈាមមួយគត់ មិនមានរោងចក្រឱសថណាផលិតបាននោះឡើយ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ ២០២២ កម្ពុជាត្រូវការឈាមមួយប្លោកជួយសង្គ្រោះជីវិតរៀងរាល់ ៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបជាង ២៥០ ប្លោកនៅរាជធានីភ្នំពេញ និង ១០ម៉ឺនប្លោក នៅទូទាំងប្រទេស។

យោងទៅតាមទិន្នន័យអង្គការសុខភាពពិភពលោក ការទទួលឈាមតាមរយៈមនុស្សធម៌ដោយមិនគិតកម្រៃ ឆ្លើយតបប្រហែល ១០% នៃប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមស័្មគ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។