ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោងដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោងដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំឭកនិងណែនាំអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។

មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី គម្រោងមន្ទីរពិសោធន៍ថ្មីស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ជូនអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យកសិកម្ម។

សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី មន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិមានភាពចាំបាច់ណាស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជននៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយ ខណៈដែលមន្ទីរពិសោធន៍ថ្មីពុំទាន់លេចចេញជារូបរាង ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវធ្វើការងារដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅបានរលូន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអង្គប្រជុំធ្វើការបង្កើតក្រុមការងារមួយ ដឹកនាំដោយ ឯកឧត្តម សេន សុវណ្ណ ដើម្បីពិនិត្យមើលលើ បញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍/សម្ភារៈ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។ ចំណែកការចំណាយ ត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព​ និងនិរន្តរភាពការធ្វើពិសោធន៍។ មួយវិញទៀត មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។