ព័ត៌មានជាតិ

សម្តេចពិជ័យសេនា អញ្ជើញចុះពិនិត្យផ្លូវស្ថាបនាដោយកងវិស្វកម្មស្ពានថ្នល់ លេខ១៧៨ ក្នុងដំណើរចុះបំពេញបេសកកម្មនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប

(សៀមរាប) :សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាពផ្លូវដែលក្រុមកងវិស្វកម្មស្ពាន ថ្នល់លេខ១៧៨ នៃក្រសួងការពារជាតិ ស្ថាបនាលើគម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ចំនួន ១៣ខ្សែ អមដំណើរដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និង អស់លោកជាមន្ត្រីបច្ចេកទេសស្ពានថ្នល់ អន្តរក្រសួងចូលរួម ដែលមកដល់ពេលនេះស្ថាបនាបានសម្រេចបាន ៩២,៧២%ហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

តាមការបញ្ជាក់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន ១៣ខ្សែ មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន ៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និង ឧបករណ៍ ចំនួន ១២៦គ្រឿង មកដល់ពេលនេះលទ្ធផលសម្រេចបាន ៩២,៧២% ទាំងការដាក់តភ្ជាប់លូទឹកភ្លៀង និង ទឹកកខ្វក់ ព្រមទាំងការចាក់ផ្លូវបេតុង និង ចាក់អ៊ុតកៅស៊ូ (AC) នឹងធ្វើឲ្យបានរួចរាល់ទៅតាមគម្រោងផែនការបានកំណត់ ។ ឯកឧត្តមបានបន្តទៀតថា ពេលនេះក្រុមការងារកងវិស្វកម្ម បានកំពុងធ្វើការសម្អាតតាមដងផ្លូវ និង បំពេញបន្ថែមលើការងារដែលនៅសេសសល់ ព្រមទាំងបានធ្វើការគូសគំនូស ចរាចរណ៍នៅតាមទ្រូងផ្លូវផងដែរ ។

ក្នុងការចុះពិនិត្យនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃនាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ សម្តេចពិជ័យសេនាក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និង ពេលវេលា និង ត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅតាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើ ការសម្អាត ឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់និងស្តង់ដា ដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។

សម្តេចក៏បានណែនាំមួយចំនួន ដល់បងប្អូនមានលំនៅដ្ឋានអមនៅសង្ខាងផ្លូវទាំង ៣៨ខ្សែ ត្រូវចូលរួមថែរក្សា សម្អាតនៅតាមមុខផ្ទះរបស់ខ្លួន និង កុំធ្វើឲ្យបាត់បង់ សោភណ្ឌភាព ដែលប្រមុខរាជរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើមី្បប្រែក្លាយទីក្រុងសៀមរាបយើង ទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។

ក្រោយពេលការស្ថាបនាផ្លូវទាំង ៣៨ខ្សែរួចរាល់ ក្រុងសៀមរាប នឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងពេញ លេញចូលមកទស្សនាកម្សាន្ត ដើម្បីជួយជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។ សម្តេចក៏បានធ្វើការណែនាំ នឹងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីបានយើងទទួលការចាក់វ៉ាក់ សាំងកូវីដ១៩ ក៏ពិតមែន តែត្រូវបន្តគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ព្រមទាំងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។