ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ​ម្នាក់​បញ្ជូនទៅសាលាដំបូងខេត្ត ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន!

(បន្ទាយមានជ័យ) ​៖​ ជនសង្ស័យ​ជាជនជាតិថៃរួមទាំងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃពុធ​ ទី២៦​ ខែមេសា​ ឆ្នាំ​២០២៣​ដើម្បីអនុវត្តតាមនីតិវិធី​។

សមត្ថកិច្ចកងរាជអាវុធហត្ថប្រាប់ថា នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួន​ធំ នៅចំណុចមុខក្លិបMEXCLUB ស្ថិតក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ សែតថាវុធ ឡាម៉ានី (Settawoot lamanee) ហៅ តាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ​ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលមាត់អូរព្រំដែន ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងរួមមាន៖​ -គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ខេ)ចំនួន១៦៤កូនថង់កិប ទម្ងន់១៩១,២ក្រាម (មួយរយកៅសិបមួយក្បៀសពីរក្រាម​ ថ្លឹងទាំងសំបកថង់)

-ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក IPHONE 13Pro ពណ៌ខ្មៅ)

-ប្រាក់បាតចំនួន១០,០០០បាត (មួយម៉ឺនបាត),​

-ប្រាក់ដុល្លារចំនួន ៣០០ដុល្លា -នាឡិកាដៃ ម៉ាក IWATCH ពណ៌ស ចំនួន ០១គ្រឿង

-សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល

-អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Settawoot lamanee) ចំនួន ០១សន្លឹក

-កាតទាហានថៃចំនួន០១សន្លឹក

-ថង់ក្រដាសសម្រាប់ដាក់គ្រឿងញៀន ចំនួន ០១។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ឱ្យដឹងទៀតថា​ មុនពេលបង្ក្រាបករណីនេះ នៅវេលាម៉ោងប្រហែល០២និង០០នាទី ទៀបភ្លឺថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមក្នុងក្លិប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតថា មានជនសង្ស័យម្នាក់ជនជាតិថៃ បានយួរថង់ក្រដាសមួយ បម្រុងនឹងដើរចូលក្នុងក្លិប តែក៏ត្រូវបានសន្តិសុខមានការសង្ស័យ​ហើយសុំឆែកក្នុងថង់ក្រដាសនោះ ក៏ឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា មួយចំនួនធំ (១៦៤កូនថង់)។ ពេលឃើញដូចនេះសន្ដិសុខក៏បានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ រូបខ្លួនពិតជាបានជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រាកដមែន។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

លោកវរសេនីយ៍ឯក ជា តារា បានបន្តទៀតថា ករណីជួញដូរគ្រឿងញៀននេះសមត្ថកិច្ចកងរាជអាវុធហត្ថយើងកំពុងធ្វើការស្រាវជ្រាវរកមេខ្លោងធំដែលនៅពីក្រោយករណីនេះផងដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។