ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២០ នៅទីស្ដីការក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបេត្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. មានប្រសាសន៍ថាកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. នាពេលនេះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាសេចក្តីព្រាងឯកសារសំខាន់ៗមួយចំនួនរួមមាន ផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សេចក្តីព្រាងច្បាប់ចំនួន៣ គឺច្បាប់តំបន់ការពារធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ជលផល និងបញ្ហាផ្សេងៗមួយចំនួនទៀត។

សម្ដេច បានគូសបញ្ជាក់ជូនអង្គប្រជុំថាកម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សម្ដេចបន្តថា គោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។

សម្ដេចបន្តថា ក្នុងដំណាក់កាលនៃការអនុវត្តកម្មវិធីជាតិលើកទី១ (២០១០-២០២០) រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបានរៀបចំឡើងជាជំហានៗ តាមដំណាក់កាលនីមួយៗដោយមានការពិភាក្សា ការពិគ្រោះយោបល់ និងការឯកភាពស្រុះស្រួលគ្នា។ សម្ដេចសង្កត់ធ្ងន់ថា កន្លងមក មានការលើកឡើងថាការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទាំងនេះ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃ។

សម្ដេច បានចាត់ទុកការយល់ឃើញខាងលើនេះថាការមិនត្រឹមត្រូវ ដ្បិតច្បាប់រៀបចំអង្គការបានតម្រូវឱ្យបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយគឺ គ.ជ.អ.ប. ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឬអាចកំណត់បានថា ជាក្រសួងនាំមុខក្នុងការសម្របសម្រួលដំណើរការកំណែទម្រង់នេះ ហេតុនេះក្នុងនាម គ.ជ.អ.ប. សម្ដេចបញ្ជាក់ជូនថាការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋតាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ។

សម្ដេចបានបញ្ជាក់ជូនកិច្ចប្រជុំទៀតថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជា ច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង ៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចបានបន្ថែមថា «ប្រសិនបើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដំណើរការកំណែទម្រង់នេះមិនអាចចាត់ទុកថាជាដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិបតេយ្យ ដែលធានាដល់ការសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលសាធារណៈសម្រាប់ផល ប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ដូចដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការ បានឡើយ។

សម្ដេចរម្លឹកថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលបច្ចុប្បន្ន មានលក្ខណៈប្រហាក់ប្រហែលនឹងដំណើរការផ្ទេរមុខងារ ធនធាន សិទ្ធិ អំណាចពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងសម័យរដ្ឋកម្ពុជាដែលរដ្ឋាភិបាលនៅពេលនោះបានផ្ដល់សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវយ៉ាងច្រើនទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយមន្ទីរ ការិយាល័យ អង្គភាពជំនាញនានាធ្វើជាសេនាធិការ និងស្ថិតក្រោមការដឹកនាំសម្របសម្រួល និងគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗដែលពេលនោះហៅថាគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

សម្ដេច បានបន្តទៀតថា ការរៀបចំបែបនេះបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព និងការទទួលខុសត្រូវជាក់លាក់ ប្រកបដោយភាពម្ចាស់ការក្នុងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់ សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងស្ថានភាពដែលប្រទេស យើងមានសង្គ្រាមស៊ីវិល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។