ព័ត៌មានជាតិ

ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ ចុះរឹតបន្តឹងនិងចាត់វិធានការចំពោះយានយន្តកែច្នៃខុសបច្ចេកទេស

(ក្រចេះ) ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានប្រសាសន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ថាយានយន្តដឹកជញ្ជូនទំនិញមួយចំនួនបានកំពុងធ្វើចរាចរណ៍តាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ និងនៅមានការតទ្រុងខុសលក្ខណៈបច្ចេកទេស។ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង បានធ្វើការចុះពិនិត្យនិងឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។

ជាលទ្ធផលក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសបានរថយន្តចំនួន ១២គ្រឿង ក្នុងនោះមានចំនួន០៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី ៣តឹក ទៅ ៦តឹក) ពីបទដ្ឋានបច្ចេកទេសយានយន្ត ព្រមជាមួយនោះដែរក្រុមការងារបានធ្វើការណែនាំដល់អ្នកបើកបរនិងម្ចាស់យានយន្តដែលមិនត្រឹមត្រូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍និងត្រូវធ្វើការកាត់ទ្រុងនៅណឹងកន្លែងអោយបានត្រឹមត្រូវទើបអោយបន្តដំណើរទៅមុខបាន ។ ចំណែកឯរថយន្តចំនួន ០៨គ្រឿង ទៀតមិនមានខុសលក្ខណៈបច្ចេកទេស ក្រុមការងារបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា និងបានណែនាំឲ្យបន្តផ្សព្វផ្សាយដល់ម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈដទៃទៀត ឲ្យបន្តចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ។

ចំពោះផែនការបន្តរបស់ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបន្តអនុវត្តន៍រឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងអោយអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរនិងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង ៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។