ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ​ អ្នកគ្រូ​ បុគ្គលិកសិក្សា​មកពីសាលារៀននានា ទូទាំងក្រុងកំពង់ចាម​

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហង្ស ច័ន្ទវរៈ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ​ អ្នកគ្រូ​ បុគ្គលិកសិក្សា​មកពីសាលារៀននានា ទូទាំងក្រុងកំពង់ចាម​ សរុប ៩៤៥នាក់ នៅសាលសន្និសីទសាលាខេត្ត។

គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានគ្រឹះស្ថានសិក្សាសរុបចំនួន ៥៣៧កន្លែង ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ៦កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង។ បុគ្គលិកសិក្សាសរុបចំនួន ៧.៩៤៧នាក់ សិស្ស ២២៣.០៣៧នាក់ ។ ដោយឡែកនៅក្នុងក្រុងកំពង់ចាម មាន​សាលាចំនួន ១៨(វិទ្យាល័យ៦ អនុវិទ្យាល័យ២/១ឥស្លាម បឋម១១) បុគ្គលិកអប់រំសរុប ៩១៥នាក់ សាកលវិទ្យាល័យ​ ៧ និងសាលាបណ្តុះបណ្តាលគ្រូចំនួន ២កន្លែង ដែលមានគ្រូចំនួន ១០១នាក់ ស្រី ៤៨នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជាធនធានមនុស្សដែលសង្គមជាតិត្រូវការជាចាំបាច់ និងជាថ្នាលបណ្តុះបណ្តាលដល់ធនធានយុវជនជំនាន់ក្រោយ ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅនាថ្ងៃនេះ ក៏ដោយសារកត្តាប្រទេសជាតិមានសុខសុខភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ដើម្បីជាការតបស្នង សូមលោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋយើងបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី កម្ពុជា នាពេលអនាគត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។