ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ ៥គ្រួសារនិងអ្នករងរបួស ៨នាក់ នៅស្រុកស្រីសន្ធរ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ចំនួន ៥ គ្រួសារ រួមទាំងអ្នករងរបួស ចាស់ ក្មេង ៨នាក់ ( ស្រី២នាក់- កុមារ ៣មាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក ។ បងប្អូន ក្មួយៗ ទាំងនេះ រស់នៅ ភូមិទ្រា ស ឃុំខ្នារស ស្រុកស្រីសន្ធរ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦១ខ្នង ក្នុងឃុំខ្នារស ត្រូវរងការខូចខាត របើកសង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៥ខ្នង រងការខូចខាត កម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដួលរាបដល់ដី អស់ទាំងស្រុង ។ ភ្លាមៗនោះ ក៏មាន ពលរដ្ឋចាស់ក្មេង ៨នាក់ ក៏រងរបួសក្បាល បាក់ដៃជើង ដោយសារគ្រឿងផ្ទះរលំសង្កត់លើ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ភ្នំពេញ ១នាក់ និង នៅ មន្ទីរពេទ្យបង្អែកស្រុក ៧នាក់ ។
ចំពោះ ផ្ទះក្រៅពីនេះ ៥៦ខ្នងទៀត សាខា រួមនឹងអនុសាខា កំពុងចុះប្រមូលទិន្នន័យ កម្រិត ខូចខាតនិង រងគ្រោះ ដើម្បីឆ្លើយតប ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កអោយមានការខូចខាតដល់ផ្ទះសម្បែងផង បងប្អូន ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពាខ្លួន ជៀសផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវតាំងចិត្ត ទប់អារម្មណ៍ ហើយខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត សន្សំលុយកាក់ ដើម្បីសង់ផ្ទះស្នាក់នៅឡើងវិញ ។ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” និងចូលរួមចាក់វ៉ាក់សាំង ដូសជំរុញ អោយបានគ្រប់ ៗ គ្នា ។
លោកជំទាវ លើកទឹកចិត្តដល់អ្នកជម្ងឺដែលរងរបួស អោយខិតខំថែទាំសុខភាព ប្រតិបត្តិតាមវេជ្ជបញ្ជាគ្រូពេទ្យ ឆាប់ជាសះស្បើយ នឹងអាល វិលត្រឡប់ទៅផ្ទះ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ទាំង ៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ , មី ១កេស , ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ , ត្រីខ ១០ កំប៉ុង, ឃីត ១ អាវយឺតចំនួន ៤ ។និង ថវិកាចំនួន រៀល ។
ដោយឡែក ចំពោះ អ្នករងរបួស កំពុងព្យាបាលក្នុងមន្ទីរពេទ្យ ក៏បានផ្តល់ជូន ថវិកា សម្រាប់ចាត់ចែង ជួសជុលដំបូលផ្ទះ ឡើងវិញ ផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។