ព័ត៌មានជាតិ

អ្នកលក់ទូរស័ព្ទតាមអនឡាញម្នាក់ គំរាមបក​ស័ក្ដិប៉ូលិស ព្រោះខឹងឃាត់ខ្លួនអ្នកដឹកជញ្ជូន​របស់ខ្លួន!

(ភ្នំពេញ)៖ បុរសដែលជាអ្នកលក់ទូរស័ព្ទតាមអនឡាញម្នាក់ បានលក់ទូរស័ព្ទ ១គ្រឿង ឲ្យមន្រ្តីយោធាម្នាក់។ ប៉ុន្តែទូរស័ព្ទនោះ ខូចប្រើអត់កើតសោះ ហើយពេលមន្រ្តីយោធានោះ ទាក់ទងទៅសួរនាំ ស្រាប់តែអ្នកលក់រូបនេះ មិនត្រឹមតែមិនទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងប្លុកហ្វេស​ប៊ុកជនរងគ្រោះ​ចោល មិនឲ្យទាក់ទងបានថែមទៀត។

លុះ ២ថ្ងៃក្រោយមក មន្រ្តីយោធាខាងលើ បានឃាត់ខ្លួនអ្នកដឹកជញ្ជូនម្នាក់របស់បុរសអ្នកលក់​ទូរស័ព្ទតាមអនឡាញនោះ ប្រគល់ជូននគរបាល ទើបអ្នកលក់ម្នាក់នោះ ចេញមុខ។

ប៉ុន្តែពេលទៅដល់ បុរសនោះ បានបញ្ចេញចរឹកកោងកាច ស្រែកឡូឡា ពេញប៉ុស្តិ៍នគរបាល ដោយម្ដងអះអាងថា ខ្លួនជាអធិការរងនគរបាលខណ្ឌសែនសុខ និងម្ដងថា ជានគរបាលថ្នាក់ឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ ហើយស្រែកគំរាមបកស័ក្ដិលោកអធិការរង​នគរបាលខណ្ឌកំបូលម្នាក់ និងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ចោលទៀតផង។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅប៉ុស្តិ៍រដ្ឋបាលនគរបាលភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកលក់ទូរស័ព្ទខាងលើ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ តែជាអ្នកប្រើប្រាស់ផេកមួយ ឈ្មោះ P-P 168 phone shop ហើយបុរស ដែលជាអ្នកដឹកជញ្ជូន ក៏ពុំទាន់ស្គាល់ឈ្មោះដែរ។

ដោយឡែក យុវជន ដែលជាអ្នកទិញទូរស័ព្ទ​​នោះ ឈ្មោះ ស៊ុន វីហ្សូ អាយុ ២៣ឆ្នាំ ជាមន្ត្រីយោធាការពារព្រំដែន នៃកងពលតូចលេខ៤២ មានទីលំនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល​។

មន្រ្តីយោធារូបនេះ បាននិយាយថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ គាត់បានឃើញផេកមួយឈ្មោះ P-P 168 phone shop ឡាយលក់ទូរស័ព្ទ ដោយមានការធានាលើការខូចខាតដល់ទៅរយៈពេល ១ឆ្នាំ ដែលគួរឲ្យមានការទុកចិត្តខ្លាំងណាស់។

ពេលនោះ គាត់ក៏បានកុម្ម៉ង់ទិញទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 14 pro max ដែលជាផលិតផលមកពីប្រទេសចិន ក្នុងម្លៃ ១០៥ដុល្លារ បន្ទាប់មក អ្នកលក់បានឲ្យអ្នកដឹកជញ្ជូន ដឹកឲ្យគាត់ដល់ផ្ទះតែម្ដង។

យុវជនខាងលើ បានរៀបរាប់បន្តទៀតថា ក្រោយទទួលបានទូរស័ព្ទដល់ដៃហើយ អ្នកដឹកជញ្ជូនទៅបាត់ ស្រាប់តែប្រើអត់កើត ដោយសារតែទូរស័ព្ទនោះ ដាក់ស៊ីមកាតមិនកើត (មិនស្គាល់ស៊ីមកាត) ហើយគាត់ ក៏បានទាក់ទង​ទៅកាន់អ្នកលក់ ដើម្បីសួរនាំ។ ប៉ុន្តែអ្នកលក់នេះ មិនត្រឹមតែអត់ទទួលខុសត្រូវប៉ុណ្ណោះទេ បានប្លុកហ្វេសប៊ុកគាត់ចោល អស់ចំនួន ៣អាខោនថែមទៀត។

លុះ ២ថ្ងៃក្រោយមក នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គាត់ក៏ប្រើល្បិចយកហ្វេសប៊ុកផ្សេង ឆាតទៅកាន់ផេកឈ្មោះ P-P 168 phone shop ដដែលនេះ ទិញទូរស័ព្ទចំនួន ២គ្រឿង។ ប៉ុន្តែអត់ប្រាប់ឲ្យដឹកមកកន្លែង​លើកមុននោះទេ គឺបានណាត់កន្លែងផ្សេង រួចក៏ឃាត់ខ្លួនអ្នកដឹកជញ្ជូន នាំទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ជួយសួរនាំតែម្ដង។

​នគរបាលប៉ុស្តិ៍ភ្លើងឆេះរទះ បានប្រាប់ឲ្យដឹងថា ក្រោយឃាត់ខ្លួនអ្នកដឹកជញ្ជូន ទើបអ្នកលក់ដែលជាម្ចាស់ផេកលក់ទូរស័ព្ទ P-P 168 phone shop នោះស្លៀកពាក់ស៊ីវិល បើករថយន្តម៉ាក TOYOTA TUNTRA ពណ៌ស ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 ទៅកាន់ប៉ុស្តិ៍ភ្លើងឆេះរទេះ។

ពេលទៅដល់ បុរសនោះ មិនបានជួបនិយាយសម្រួលគ្នាជាមួយមន្រ្តីយោធា ដែលជាអ្នកទិញទូរស័ព្ទពីខ្លួននោះទេ ប៉ុន្តែបែរជាបញ្ចេញអាកប្បកិរិយាច្រងេងច្រងាង រករឿងនគរបាល នៅទីនោះ ហើយក៏បានអួតអាង ម្ដងថា ខ្លួនជាអធិការរងនគរបាលខណ្ឌសែនសុខ និងម្ដងថា ជានគរបាលថ្នាក់ឧត្តមសេនីយ៍ នៅក្រសួងមហាមហាផ្ទៃ ហើយបានគំរាមបកស័ក្ដិលោកអធិការរងខណ្ឌកំបូលម្នាក់ និងនាយរងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ទៀតចោល ព្រមទាំងស្រែកឡូឡា ពេញប៉ុស្តិ៍នគរបាលតែម្ដង គ្មានខ្លាចញញើតនរណាទាំងអស់។

ប្រភពដដែលបាន​ឲ្យដឹងបន្ត​ថា ដោយអត់ទ្រាំទៅនឹងចរឹកកោងកាចពីសំណាក់ជននេះ មិនបានតទៅទៀត នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានសម្រេចចិត្ត សុំគោលការណ៍ទៅថ្នាក់លើដើម្បីធ្វើការឃាត់ខ្លួនជននេះ ធ្វើការ​សាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ខណៈនោះស្រាប់តែ​ជនព្រហើនម្នាក់នេះ ប្រែពីអ្នកក្លាហាន កាចដូចសត្វខ្លា ក្លាយទៅជាកូនចៀម​ទៅវិញ ដោយមានការភិតភ័យខ្លួន ក៏បានលើកដើរសំពះ អង្វរនគរបាល សុំធ្វើការសម្របសម្រួលគ្នាវិញម្តង។ ប៉ុន្តែនគរបាល បានសម្រេចធ្វើការឃាត់ខ្លួន ដោយគ្មានការលើកលែងឡើយ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។