ព័ត៌មានជាតិ

សមិទ្ធិផលថ្នីៗ ក្នុងសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម តម្លៃ ជាង៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(កំពង់ចាម) ៖ចំណងដៃថ្មីរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ កុដិសមណសិស្ស​ ផ្លូវបេតុង​ ផ្លូវកៅស៊ូ សាលាសង្កាត់​ និងសមិទ្ធផលថ្មីៗមួយចំនួនទៀតមានតម្លៃជាង​ ៦លានដុល្លា​ ក្នុង​សង្កាត់បឹងកុក និងកំពង់ចាម​ ត្រូវបានសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការ​ ក្រោមអធិបតីភាព​ ឯកឧត្តម​​ វេជ្ជបណ្ឌិត យឹម ឆឆៃលី ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តជោតនារាម បឹងកុក ក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម ចំនួន ៣៨គម្រោង ដោយចំណាយថវិកាប្រមាណ ២៧.៧៣៣.២០០.០០០រៀល ស្មើនឹង ៦.១០៦.៩៦២ដុល្លារ។

អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធិផលនៅក្នុងសង្កាត់បឹងកុក មាន១៦គម្រោង ប្រើប្រាស់ថវិកាអស់ ១៥.១៧៩.៦០០.០០០រៀល ប្រមាណ ៣.៧៤៨.០៤៩ដុល្លារ ការសាងសង់មានដូចជា៖ លូ ផ្លូវAC ផ្លូវបេតុង ២១ខ្សែ ផ្លូវក្រាលថ្មភ្នំ អគារសាលាសង្កាត់បឹងកុក និងទ្វារទឹក។

ដោយឡែកសមិទ្ធិផលនៅសង្កាត់កំពង់ចាម មាន២២គម្រោង ចំណាយថវិកាអស់ចំនួន១២.៥៥៣.៦០០.០០០ រៀល ប្រមាណ ៣.០៩៩.៦៥៤ដុល្លារ ក្នុងនោះបានសាងសង់ ផ្លូវក្រាលកៅស៊ូ AC ចំនួន ៣ខ្សែ ច្រាំងទន្លេ ១ខ្សែ សង់អគារសាលាសង្កាត់ ជួសជុលដំបូលផ្សារធំ និងផ្សារបឹងកុក ជួសជុលសួនច្បារតាមដងទន្លេមេគង្គ រូបសំណាកដំរី អាងទឹក៩កន្លែង ជួសជុលអគារអុកស៊ីសែននៅមន្ទីរពេទ្យខេត្តកំពង់ចាម១កន្លែងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ជាការពិតសមិទ្ធិផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពជូនជាតិមាតុភូមិយើង ប្រសិនបើគ្មានការឯកភាពជាតិ និងគ្មានសុខសន្តិភាពនោះទេ ការអភិវឌ្ឍន៍ផ្សេងៗក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។

ដូច្នេះដោយសារប្រទេសយើងមានសុខសន្តិភាពនេះហើយ ទើបយើងអាចជំរុញការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាជនយើង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។ ឈរលើស្មារតីនេះយើងទាំងអស់គ្នាត្រូវគោរពស្រឡាញ់ និងដឹងគុណនយោបាយឈ្នះឈ្នះ ដែលបាននាំមក សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។