ព័ត៌មានជាតិ

ឆក់​កាបូប ស្លា​.​ប់​នារី​ម្នាក់នៅ​ក្រុង​ស្ទឹង​សែនខេត្តកំពង់ធំ សមត្ថកិច្ច​តាម​ប្រមាញ់ចាប់​ខ្លួនជនសង្ស័យ​បាន​ម្នាក់ នៅ​ភ្នំពេញ

(កំពង់ធំ) ៖ ក្រុម​ជនសង្ស័យ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​វែង បណ្តាល​ឲ្យ​នារី​ម្នាក់ ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​ស្លា​.​ប់ ត្រូវ​សមត្ថកិច្ច ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់ កាលពី​វេលា​ម៉ោង​២១​និង​០៥​នាទី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦A ចំណុច​មុខ​ផ្សារ​ត្រពាំង​វែង ភូមិ​ពោធិ៍​សែន​ស្នាយ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ។

លោក​វរសេនីយ៍ឯក គឹ​ម សុខ​មក​រា អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន បាន​ប្រាប់​អោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​ករណី​ចោរលួច​ឆក់​ខាងលើ​នេះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​នគរបាល បាន​ប្រើប្រាស់​វិធានការ​ជំនាញ ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់ នៅ​រាជធានី​ភ្នំពេញ នឹង​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​ម្នាក់​ទៀត ដែល​រត់គេច​ខ្លួន ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ពិន ស៊ី​ថុ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុ​តាង រួម​មាន ៖ ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេ​រ៊ី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ​កំពង់ធំ 1S-4055 និង​ទូរ​សព្ទ​ដៃ​ចំនួន ០១​គ្រឿង ។

លោក​វរសេនីយ៍ឯក គឹ​ម សុខ​មក​រា បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប ចំណុច​មុខ​ផ្សារ​ត្រពាំង​វែង បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ ក្នុង​នោះ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ញ៉េ​ស ណា​រី​ដា ភេទ​ស្រី បាន​ស្លា​.​ប់ ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ។ ករណី​ខាងលើ​នេះ មន្ត្រី​នគរបាល​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។