ព័ត៌មានជាតិ

អ្នកនាំពាក្យកងរាជហត្ថលើផ្ទៃ ឆ្លើយតបនឹងព័ត៌មាន ដែលបានចុះផ្សាយពាក់ព័ន្ធនឹងការឃាត់ខ្លួនបរុសម្នាក់នៅខណ្ឌទួលគោក!

(ភ្នំពេញ) ៖នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ឯកឧ្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតធ្វើការឆ្លើយតបនឹងព័ត៌មានដែលបានចុះផ្សាយតាមបណ្តាព័ត៌មានសង្គមដោយបង្ហាញអំពីសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការឃាត់ខ្លួនបុគ្គល០១រូប ហើយមានសម្លេងនិយាយថា “អត់មានខុសអីហេតុអ្វីបានត្រូវចាប់គាត់…” និងអត្ថបទមួយទៀតបានសរសេរថា “អាងខ្លួនមានខ្សែ ហើយបុរសម្នាក់ ជាប៉េអឹមខណ្ឌទួលគោកបានវាយស្ត្រីម្នាក់ដែលជាអ្នកមានជម្លោះជាមួយភាគីម្ខាងទៀតដែលស្រីៗឈ្លោះគ្នាពាក្យសម្តី តែគាត់បានមកកាងឱ្យភាគីបង្កជម្លោះវាយគេឡើងសន្លប់ហើយព្រឹកឡើងនាំកម្លាំងមករកចាប់គេទៀត អយុត្តិធម៌ណាស់ សូមឯកឧត្តម រ័ត្ន ស៊្រាង មេត្តាជួយរកយុត្តិធម៌អោយអ្នកក្រខ្សត់ហើយត្រូវបានគេបំពានផង”។

ខ្ញុំបាទសូមគោរពជម្រាបជូនថា តាមរបាយការណ៍ជំហានដំបូងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ កើតហេតុនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០០និង០២នាទីយប់ ចំណុចលើផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះបានទូរស័ព្ទប្តឹងតាមប្រព័ន្ធប្រតិកម្មរហ័សកងរាជអាវុធហត្ថរាជធានីភ្នំពេញ “១២៩១”។ តាមដំណើររឿង ជនរងគ្រោះឈ្មោះ ណុប ផល ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានកូនខ្ចីទើបអាយុ២ខែ ជនរងគ្រោះឈ្មោះ ណុប ផល សម្រាកមិនបានដោយសារ ថ្លង់ការចាក់ធុងប៉ាស់ផឹកស៊ីរបស់អ្នកជិតខាងមួយក្រុម ជនរងគ្រោះបានដើរទៅប្រាប់អ្នកជិតខាងនោះ ហើយទាស់សំដីគ្នា ត្រូវអ្នកជិតខាងនោះវាយគាត់តែម្តង។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងកងរាជអាវុធហត្ថបានចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងអញ្ជើញបុគ្គលដែលពាក់ព័ន្ធទៅអង្គភាពកងរាជអាវុធហត្ថ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ប៉ុន្តែបុគ្គលពាក់ព័ន្ធ០១រូបនោះ មិនព្រមទៅតាមការអញ្ជើញរបស់កម្លាំងកងរាជអាវុធហត្ថនោះទេ។ កងរាជអាវុធហត្ថ សូមបញ្ជាក់ថា យើងខ្ញុំបំពេញតួនាទី ភារកិច្ចស្របនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះករណីខាងលើនេះ កងរាជអាវុធហត្ថនឹងធ្វើការប្រកាសព័ត៌មានជូនជ្រាបបន្ថែមទៀត នៅពេលដែលកសាងសំណុំរឿងតាមនីតិវិធីបានបញ្ចប់។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។