ព័ត៌មានជាតិ

ឈ្មួញកំពុងសម្រុកដឹកជញ្ជូនអុសព្រៃនិងធ្យូងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកជ័យឃ្លាំងដោយរលូន!

(ក្រចេះ) ៖សកម្មភាពដឹកជញ្ជូនអុសព្រៃនិងធ្យូងឆ្លងដែនតាមច្រកជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះ ដោយខុស ច្បាប់ទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម ជារៀង រាល់ថ្ងៃកំពុងត្រូវបានពលរដ្ឋរិះគន់ថា ជាការបេីកដៃពី មន្ត្រីស្ថាប័ន អង្គភាពពាក់ព័ន ដែលមានតួនាទីបង្ក្រាប ទប់ស្កាត់ តែបែរជាមិនចូលរូមទប់ស្កាត់ ផ្ទុយទៅវិញពួកមន្ត្រីមានសមត្ថកិច្ចទាំងនោះ ត្រូវគេមើលឃើញថាបានរួមចំណែកកសាងបទល្មើសថែមទៀតផង។ នៅពេលដែលពួកឈ្មួញដឹកអុស, ដឹកធ្យូង ទៅដល់ច្រកព្រំដែនជ័យឃ្លាំង គេធ្វើផ្លូវតូចមួយឲ្យបើកវាងមុខប៉ុស្តិ៍ប៉ុន្តែត្រូវតែបង់លុយឲ្យលោក អ៊ាម សុខលីម ជាមេប៉ុស្តិ៍។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញដែលឈានមុខគេក្នុងរបររកស៊ីដឹកអូសដឹកធ្យូង ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកជ័យឃ្លាំង ឈ្មោះ ចែមុំ ដែលគាត់ស្ទើរតែផ្ដាច់មុខចំពោះការនាំអុសធ្យូង ទៅប្រទេសវៀតណាម តាមច្រកជ័យឃ្លាំង នោះទៅហើយ។ យ៉ាងណាក៏ដោយមានឈ្មួញល្អិតល្អោចដទៃទៀត ដែលបន្តរកស៊ីដឹកអុសឈើធ្យូងទៅប្រទេសវៀតណាម ដែលពួកឈ្មួញទាំងនេះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់សម្រាប់លោក អ៊ាម សុខលីម។ ពួកឈ្មួញទាំងនោះធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃដោយមិនញញើតច្បាប់ទម្លាប់អ្វីឡើយហើយក៏មិនមានការត្រួតពិនិត្យ ពីសមត្ថកិច្ចនៅច្រកព្រំដែនជ័យឃ្លាំង នោះដែរ។

ប្រភពពីប្រជាពលរដ្ឋបានឲ្តដឹងថា ឈ្មួញដឹកជញ្ជូន អុសព្រៃនិងធ្យូងដោយខុសច្បាប់ក្រៅពី ចែមុំ គឺគេស្គាល់ថា ឈ្មោះ ក្តី, ល័ក្ខ និងមានក្រុមឈ្មួញមួយចំនួនទៀតដែលក៏កំពុងបំផ្លាញព្រៃឈេីធម្មជាតិយ៉ាងសកម្ម ដូចនឹង ចែមុំ នោះផងដែរ។ ប្រភពពីពួកឈ្មួញដែលរកស៊ីដឹកអុស,ធ្យូងបានបន្ថែមថា មានអាថ៌កំបាំងជាច្រើនរវាងពួកឈ្មួញនិងសមត្ថកិច្ច។ បើទោះយ៉ាងណាក៏ដោយការ សម្រេចនានាធិបតែនៅលើលោក អ៊ាម សុខលីម ទាំង អស់។មានន័យថា ការអនុញ្ញាតឲ្យនាំអុស,ធ្យូងឆ្លងដែនចេញទៅប្រទេសវៀតណាមស្ថិតនៅលើបបូរមាត់លោកមេប៉ុស្តិ៍ អ៊ាម សុខលីម។ បើទោះបីជាការដឹកជញ្ជូនអូសធ្យូងទាំងនោះមិនឆ្លងកាត់ដោយផ្ទាល់មុខបុរសរបស់លោក អ៊ាម សុខលីម ដែលប្រការនេះគឺជាវិធីសាស្រ្តរបស់លោកមេប៉ុស្តិ៍ដើម្បីគេចពីការទទួលខុសត្រូវ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្វីដែលជាចំណាប់អារម្មណ៍ដ៏សំខាន់មួយនោះគឺនៅក្នុងរថយន្តដឹកអូស, ធ្យូងទាំងនោះគឺជាប្រភេទឈើប្រណិតដែលពួកឈ្មួញលាក់នៅខាងក្រោម ហើយត្រូវរ៉ូវជាមួយសមត្ថកិច្ចច្រកព្រំដែននោះតែម្ដង។ គេថាការដឹកជញ្ជូនឈើបង្កប់នៅក្នុងគំនរធ្យូង, អុសដឹកតាមរថយន្តកែច្នៃទាំងនោះ មិនមែនជារឿងកំប៉ិកកំប៉ុកទេពីព្រោះពួកឈ្ងួញអាចដឹកជញ្ជូនបានច្រើនជើងក្នុង១ថ្ងៃៗ។ ដោយហេតុនេះហើយ លោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរមើលរំលង និងគួរតែចាត់វិធានការចំពោះរឿងនេះឲ្យបានឆាប់រហ័ស​៕ដោយ:សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។