ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានប្រកាសទទួលស្គាល់ ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប

(សៀមរាប) ៖ នាព្រឹក​ ថ្ងៃចន្ទ​ ទី២៥​ ខែកញ្ញា ឆ្នាំ២០២៣​ រដ្ឋបាលខេត្ត​ បានរៀបចំពិធីប្រកាស ឯកឧត្តម ប្រាក់​ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជាលោកអភិបាលរងខេត្ត មេបញ្ជាការយោធភូមិភាគទី៤​ មេបញ្ជាជាការកងពលធំអន្តរាគមន៍លេខ២​ តំណាងសាលាដំបូងខេត្ត​ អាជ្ញាធរអប្សរា​ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប​ លោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក លោកស្រី​ ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក អធិការនគរបាល មេបញ្ជាការផ្នែកសឹករង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។

ក្នុងឱកាសនោះ ឯកឧត្តម​ អភិបាលខេត្ត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដមជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប​ ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត ។

ឯកឧត្ដម​ បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយក្នុងគ្រប់យន្តការគាំទ្រដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នងមិនអាចខ្វះបានពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន។

ជាមួយគ្នានេះ​ ដេីម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន ឯកឧត្ដម​ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្តេជ្ញា ខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យមានប្រសិទ្ធភាព ។ ក្នុងនោះ ឯកឧត្តម​ បន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគំរូវីរភាពដ៏អង់អាចក្លាហាន មោះមុតរបស់អតីតយុទ្ធជនដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាពរបស់ប្រទេសជាតិ បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន ។ ទន្ទឹមនេះ ឯកឧត្តម នឹងបន្តដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង និងត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។