ព័ត៌មានជាតិ

ពិធីប្រគល់-ទទួល អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន

(សៀមរាប) ៖ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៣នេះ មានធ្វើពិធីប្រគល់ ទទួល អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងរៀបចំពិធីប្រគល់-ទទួលមករដ្ឋបាលខេត្តសៀមរាប សម្រាប់ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាជូនប្រជាជន ក្នុងការសម្រាកព្យាបាលជម្ងឺ ។ ពិធីប្រគល់ ទទួលនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរ លោកវេជ្ជបណ្ឌិត តំណាងអង្គការ(JICA) ប្រធានទីប្រឹក្សាក្រុមហ៊ុន AZUSA SEKKEI ក្រុមគ្រូពេទ្យ និង វិស្វករសំណង់ជនជាតិជប៉ុនផងដែរ ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹង ថា សមិទ្ធផលនៃគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់ ក្នុងការលើកកំពស់គុណភាពនៃការផ្តល់សេវា សម្រាបមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ លោកវេជ្ជបណ្ឌិត បានបន្ត ទៀតថា ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និង ឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឲ្យមានការផ្តល់សេវា​ឲ្យបានរលូន កាន់តែមានគុណភាពនិងប្រសិទ្ធិភាព ធានាធ្វើយ៉ាងណាឲ្យកិច្ចការគ្រប់គ្រងទូទៅឲ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ។ ម៉្យាងទៀតសេវាវេជ្ជសាស្ត្រនៅកម្ពុជា ក៏កាន់តែមានប្រសិទ្ធភាពប្រសើរឡើង ហើយដោយតំបន់មួយចំនួន រួមទាំងខេត្តសៀមរាប នៅតែមានបញ្ហាប្រឈមជាច្រើន ទាក់ទាងទៅនឹង អគារ សម្ភារៈបរិក្ខាពេទ្យ និង ធនធានមនុស្ស។ លោកបានបន្តទៀតថា អគារមន្ទីរពេទ្យថ្មី ដែលត្រូវបានប្រគល់ទទួលនេះ បានដាក់បញ្ចូលគ្នា នូវមុខងារវេជ្ជសាស្ត្រ ដែលពីមុនមក ត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ចំពោះការផ្តល់សេវាវេជ្ជសាស្ត្រនេះគឺធ្វើ ឲ្យអ្នកជម្ងឺទទួលបានល្អក្នុងការថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។ នេះជាផ្នែកនៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន នូវសម្ភារៈបរិក្ខាពេទ្យ រួមទាំងមានម៉ាស៊ីនថតកាំរស្មីអ៉ិច និងត្រូវដាក់ឲ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែកស្រុក មួយចំនួនក្នុងខេត្តសៀមរាប ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ពិន ប្រាកដ​ សូមចូលរួមសម្តែងនូវភាពរីករាយ និងស្វាគមន៍ជាទីបំផុតចំពោះវត្តមានគណៈប្រតិភូ ជប៉ុនដែលបានចូលរួមក្នុងពិធីប្រគល់-ទទួលអគារ និងសម្ភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលគម្រោងនេះមានទឹកប្រាក់ជិត ២០លានដុល្លារ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលទាំងពីរ កម្ពុជា-ជប៉ុន ថ្នាក់ដឹកនាំ​ ក្រសួងសុខាភិបាល អាជ្ញាធរខេត្តសៀមរាប សម្រាប់វិស័យសុខាភិបាលក្នុងខេត្តសៀមរាបរបស់យើង។ លោកអភិបាលរងខេត្ត បានបន្តទៀតថា សមិទ្ធផលដែលជាអំណោយដ៍ថ្លៃថ្លានេះ នឹងត្រូវរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ហើយក៏ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាជនមួយកម្រិតទៀត។ ក្នុងឱកាសនេះ លោកបានណែនាំ និងស្នើឲ្យ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូពេទ្យ ជាថ្នាក់ដឹកនាំថា ក្រោយការប្រគល់-ទទួលអគារ និងសម្ភារៈបរិក្ខាពេទ្យនេះទៅ សូមចាត់ចែងរៀបចំសម្ភារបរិក្ខាពេទ្យតាមផ្នែកឲ្យឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាប​អំពីលទ្ធភាព និងផ្នែកផ្តល់សេវាទាំងអស់ ដែលនឹងដាក់ឱ្យដំណើរការបន្ថែមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរបស់យើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។