ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ០២ជាន់ប្រភេទ (DBST) ១ខ្សែ និងផ្លូលក្រាលបេតុង ១ខ្សែ មានប្រវែង ១៤,៦០៣គីឡូម៉ែត្រ ដោយតភ្ជាប់ពីឃុំតាអុង ស្រុកចំការលើ រហូតដល់ ស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ០២ជាន់ប្រភេទ (DBST) ១ខ្សែ និងផ្លូលក្រាលបេតុង ១ខ្សែ មានប្រវែង ១៤,៦០៣គីឡូម៉ែត្រ ដោយតភ្ជាប់ពីឃុំតាអុង ស្រុកចំការលើ រហូតដល់ ឃុំសូភាស ទៅឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកស្ទឹងត្រង់ និងស្រុកចំការលើ រួមនឹងបងប្អូនប្រជាពលរដ្ឋដែលទទួលផល។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាម បានខិតខំអភិវឌ្ឍន៍ ឲ្យមានការស្ថាបនាផ្លូវ ដូចខាងលើ គឺក្នុងគោលបំណង ធ្វើឲ្យប្រជាពលរដ្ឋ មានលក្ខណៈប្រសើរឡើង ដល់ការធ្វើដំណើររស់នៅងាយស្រួល ដូចជាការធ្វើដំណើរទៅកាន់ទីផ្សារ និងសហគមន៍កសិកម្ម និងងាយស្វែងរកការងារធ្វើ ការទទួលបានសេវាសង្គម ផ្តោតផងដែរទៅលើសុវត្តិភាពសង្គម ភាពធន់ ការប្រែលប្រួលអាកាសធាតុ និងប្រសិទ្ធិភាព លើការចំណាយរបស់ប្រពលរដ្ឋ ក្នុងការធ្វើដំណើរលើបណ្តាញផ្លូវជនបទ ដែលបានកែលម្អរួច អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់រដូវកាល ពិសេស ក្នុងតំបន់ដែលមានសក្តានុពល លើវិស័យកសិកម្មខ្ពស់ នៃខេត្តកំពង់ចាម របស់យើង។ ឯកឧត្តម អភិបាលខេត្ត ឱ្យដឹងផងដែរថា គម្រោងខាងលើនោះ បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន MTA Construction Co., Ltd ក្នុងការសាងសង់ផ្លូវប្រវែង ១៤,៦០៣គ.ម នៅក្នុងសហគមន៍ ដ៍មានសក្តានុពលកសិកម្មខ្ពស់។

គួរបញ្ចាក់ថា៖ ផ្លូវ ០២ខ្សែ ដែលត្រូវចាប់ដំណើរការស្ថាបនា មានប្រវែងសរុប ១៤,៦០៣គ.ម ក្នុងនោះ ខ្សែទី១ គឺចាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨៨២ គ.ម ទទឹង ៥ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ ចិញ្ចើមសងខាង ០,៥ម និងសាងសង់លូប្រអប់មុខពីរ ១កន្លែង លូប្រអប់មុខមួយ ១ កន្លែង និងលូមូល ចំនួន ៣១កន្លែង ។ រីឯខែ្សទី២ មានប្រវែង ៤,៧២១គ.ម មានពីរកំណាត់ កំណាត់ទី១ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានប្រវែង ៣,៦៨១គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០គ.ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម និងកំណាត់ទី២ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីភូមិអង្កោល ឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ១,០៤០គ.ម ក្នុងនោះ ក្រាលកៅស៊ូ ០២ជាន់ប្រវែង ០,៤៣៥ គ.ម និងក្រាលបេតុងប្រវែង ០,៦០៥គ.ម និងសាងសងលូមូល សរុបចំនួន ១៣កន្លែង៕

ចំពោះ ការងារសាងសង់ផ្លូវ គឺប្រើរយៈពេល ១៨ ខែ រហូតដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០% ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។