ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអ្នកវិនិយោគគិនទាំងអស់ ងាកមកមើលខេត្តកំពង់ធំ ដែលជាខេត្តមួយស្ថិតនៅចំកណ្ដាលនៃប្រទេសកម្ពុជា

(ខេត្តកំពង់ធំ) ÷ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យអ្នកវិនិយោគគិនទាំងអស់ មកងាកមកមើលខេត្តកំពង់ធំ ដែលជាកន្លែងសក្តិសមបំផុតសម្រាប់ធ្វើការចែកចាយទំនិញ ពីព្រោះជាខេត្តមួយស្ថិតនៅចំកណ្ដាលនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានផ្ទៃដីធំជាងគេទីពីរ នៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី និងដំណាំស្រូវជាដើម ។

ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពិធីអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៧៥០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់ក្រុមហ៊ុន Sabrina (Cambodia) Garment MFG Group ក្រុមហ៊ុន Titan Stone Life Insurance PLC. ក្រុមហ៊ុន Bizstar (Cambodia) Co., Ltd. និង ក្រុមហ៊ុន Love Charity Organization។

ឯកឧត្តមបន្ថែមទៀតថា ថ្វីដ្បិតតែខេត្តកំពង់ធំ មានសក្តានុពលផ្នែកវិស័យកសិកម្មពិតមែន នៅមានការខ្វះខាតទៅលើផ្នែកឧស្សាហកម្មការបង្កើតរោងចក្រកែច្នៃទៅលើសមិទ្ធផលសម្រេចដែលបានមកពីទិន្នផលកសិកម្មមិនទាន់មានរោងចក្រវេចខ្ចប់។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ ពាំនាំការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងទាំងអស់ ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារហូបនោះទេ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំង ៤ ខាងលើនេះ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចែករំលែកនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅពេលនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។