ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ

(សៀមរាប) ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គ ដែលប្រារព្ធធ្វើនៅព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ាង ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ទាំងពីគណៈ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត .គណៈអភិបាលរងខេត្ត អស់លោកលោកស្រីថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា ជាច្រើនរូប។

ព្រះរាជពិធីបុណ្យនាឱកាសនេះដែរ គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ លើសពីជីវិតដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្ររបស់ ព្រះបរមរតនកោដ្ឋ និងរំលឹកនូវគុណូបការៈគុណរបស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ថ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលជាពិសេសនោះ គឺជោគជ័យរបស់ប្រទេសកម្ពុជាយើង ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាន នាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមទ្ធិផលធំៗជាច្រើនផងដែរ។

នាឱកាសនោះដែរ ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងឲ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។