ព័ត៌មានជាតិ

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ!

(ស្វាយរៀង) ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន ខណៈម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំង ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្រោយធ្វើការចុះឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។