(កំពង់ចាម) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពីធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។
គួរបញ្ជាក់ថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖
(ទី១)-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង (ទី២)- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។
ចំពោះការប្រលងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ វិទ្យាល័យទាំង៥ ក្នុងស្រុកព្រៃឈរនៃខេត្តកំពង់ចាម ដូចខាងក្រោម នឹងចូលរួមបញ្ជូនបេក្ខជនមកចូលរួមការប្រលង៖- វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង វិទ្យាល័យ ហ៊ុន សែន គរ វិទ្យាល័យ ស្រេងគីម វិទ្យាល័យ ល្វា និងវិទ្យាល័យ នរណឬទ្ធិ គន្ធបុប្ផា. បេក្ខជនចូលរួមប្រលង គឺជាសិស្សថ្នាក់ទី១០ នៃឆ្នាំសិក្សា២០២៣-២០២៤ នៃវិទ្យាល័យទាំង៥ខាងលើ ដែលទទួលបាននិទ្ទេស A ឬ B សម្រាប់ឆមាសទី១ នៃឆ្នាំសិក្សា ២០២៣-២០២៤។ ទន្ទឹមនឹងនេះ ដើម្បីបើក ឱកាសឱ្យសិស្សផ្សេងទៀតដែលមិនទទួលបាននិទ្ទេស A ឬ B អាចចូលរួមការប្រលងជ្រើសរើសសិស្ស ឆ្នើមនេះបានផងដែរ ។
ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖
– ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125មួយគ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល។
– ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល។
– ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។
បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ ១គ្រឿងផងដែរ ៕