ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនរបស់បុរី ម៉ារីណា ហ្គាដេន របស់ក្រុមហ៊ុន លីស៊ីនឆាយ (ខាមបូឌា) ប្រូភើធីឌីវេឡុបម៉ិន ឯ.ក ក្នុងក្រុងព្រះសីហនុ

(ព្រះសីហនុ) ៖ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនរបស់បុរី ម៉ារីណា ហ្គាដេន របស់ក្រុមហ៊ុន លីស៊ីនឆាយ (ខាមបូឌា) ប្រូភើធីឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក លឹម លីឆាយ នាយកក្រមហ៊ុនលីស៊ិនឆាយ (ខេមបូឌា) ប្រផឹធី ឌីវេឡុបម៉ិន (Property Development) បានឱ្យដឹងថា នេះជាគម្រោងទី២ ស្ថិតនៅសង្កាត់លេខ៤ ចំពោះគម្រោងទី១ត្រូវបានបញ្ចប់ការសាងសង់លើផ្ទៃដី ៥ហិកតា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ បើទោះមានបញ្ហាប្រឈមក្រុមហ៊ុន លីស៊ិនគ្រុប នៅតែបន្តការសាងសង់រហូតបិទបញ្ចប់ការដ្ឋានសាងសង់ និងប្រគល់ផ្ទះជូនអតិថិជន រាល់សំណង់របស់ក្រុមហ៊ុនត្រូវប្រកាន់ភ្ជាប់អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបានខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរីប្រកបដោយគុណភាព និងបរិយាកាសស្រស់បំព្រងគួរជាទីចង់រស់នៅចំណុចខាងលើនេះនាំឱ្យអតិថិជនមើលឃើញកាន់តែច្បាស់ និងមានជំនឿលើយើងខ្ញុំ។ គម្រោងទី១ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ គម្រោងទី២ ម៉ារីណា ហ្គាដេន រហូតបិទបញ្ចប់ការសាងសង់ ប្រគល់ផ្ទះជូនអតិថិជនតាមការកំណត់ សមិទ្ធផលសម្រេចថ្ងៃនេះ ស្រមតាមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានការដឹកនាំចង្អុលរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ធ្វើឱ្យគម្រោងរបស់ក្រុមហ៊ុនសម្រេចបានតាមផែនការនាពេលនេះ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជន បុរី ម៉ារីណា ហ្គាដេន នៃក្រុមហ៊ុន លីស៊ិនឆាយ (ខេមបូឌា) ប្រូភើធីឌីវេឡុបម៉ិន ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលប្រជាជនកម្ពុជាកំពុងរស់នៅជាមួយនឹងផ្ការីក នៃសន្តិភាព និងទទួលបានផ្លែផ្កាពីសន្តិភាពនាំមកនូវភាពរីក ចម្រើនប្រកបដោយសុខុដុមនីកម្ម និងផលជាវិជ្ជមានដល់ប្រជាពលរដ្ឋគ្រប់រូប។ ការបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនបុរី ម៉ារីណា ហ្គាដេននាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នក វិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបតាមការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់វិនិយោគិន និងធុរជនដែលមកវិនិយោគក្នុងខេត្តព្រះសីហនុ ធ្វើឱ្យវិស័យអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្តាល់។ សូមជូនពរឱ្យក្រុមហ៊ុន ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ការបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជននាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអចលទ្រព្យ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ក្នុងផែនការរៀបចំដែន ដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គឺរៀបចំ និងអភិវឌ្ឍ «ខេត្តព្រះសីហនុជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើប បៃតងប្រកបដោយភាពច្នៃប្រឌិតរស់រវើក និងបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅលម្ហែកាយ និងការសំរាកកម្សាន្តរួមទាំងជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ច្រកចេញចូលអន្តរជាតិ និងភស្តុភាកម្មជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ទីក្រុងគំរូក្នុងការគ្រប់គ្រងនិងអភិបាលកិច្ចល្អប្រកបដោយសេវាទីក្រុង ហេដ្ឋារចនាសម្ព័ន្ធទីក្រុងបរិក្ខារ និងផ្តល់ការងារសម្បូរបែប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *