ខេត្តព្រៃវែង៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត និងមន្រ្តីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ១៤នាក់ ស្រី ៤នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១-ស្នើសុំឆ្លងថវិការង្វាន់លើកទឹកដល់អនុសាខា ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៥
២-ស្នើសុំអនុវត្តផែនការសកម្មភាព ចំនួន ៦ចំណុច
៣-ត្រៀមរៀបចំសន្និបាតអាណត្តិទី៦ ឆ្នាំ២០២៥
៤-ការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃកិច្ចប្រជុំ
៥-ពិនិត្យផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២៥ និងស្នើសុំអនុម័តផែនការ
៦-មតិបូកសរុប ឯកឧត្តមប្រធានអង្គប្រជុំ
ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក គណៈកម្មាធិការ ចូលរួមអោយបានគ្រប់សកម្មភាពការងារមនុស្សធម៌ ដែលសាខាខេត្ត មានផែនការក្នុងឆ្នាំ ២០២៥ និងជូនពរដល់សមាជិក សមាជិកានៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ ក្នុងឱកាសចូលឆ្នាំសាកល ខាងមុខនេះ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។