(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានដឹក មន្ត្រីបច្ចេកទេស/មន្ទីរអង្គភាពជំនាញ/អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនទទួលការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធិ៍ ឃ៉ំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិទួលពោធ បានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ហើយនៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់។
នាឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេលសាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។ ជាមួយគ្នានោះនៅពេលផ្លូវនេះសាងសង់រួច សូមបងប្អូនទាំងអស់បើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងនៅពេលកំពុងបើកបរ ពិសេសមិនត្រូវដឹកលើសទម្ងន់ និងចូលរួមថែរក្សាផ្លូវនេះឱ្យបានល្អទាំងអស់គ្នា ដើម្បីជាប្រយោជន៍របស់យើងប្រើប្រាស់បានយូរអង្វែង។
សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ដែលកំពុងសាងសងនាពេលនេះជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម មានប្រវែងសរុប ២០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ, កម្រាស់ ០.១៥ម៉ែត្រ ដែលមកដល់ពេលនេះសម្រេចបានប្រមាណជាង ៦០ភាគរយហើយ៕