ខេត្តសៀមរាប ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពាក់ព័ន្ធករណីឆបោក និងប្រើប្រាស់លិខិតក្លែងដែលប្រព្រឹត្ត នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ កន្លងមក បទល្មើសព្រហ្មទណ្ឌដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិ មាត្រា៣៧៧ , មាត្រា៣៧៨ , មាត្រា ៦២៦ , មាត្រា ៦២៧ , និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។
បើតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់កាលពីរសៀលថ្ងៃទី១៧ មករា ឆ្នាំ២០២៥ថា ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់ TL) បានខលមកប្ដឹង លេខអន្តរាគមន៍លេខពិសេស១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ០៨៦ ៥០០០០១ ខណ:បានទិញរថយន្តបង់រំលស់មិនទាន់អស់ផង ហ៊ានក្លែងបន្លំឯកសារយករថយន្តទៅបញ្ចាំកន្លែងផ្សេង ក្នុងក្រុងសៀមរាប ។
បន្ទាប់មក នៅថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ឈ្មោះ ចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ: ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូររស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្ត សៀមរាប យកមកប្រគល់ឱ្យកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំពាក់ពន្ធករណី ក្លែងឯកសាររថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់ ។
ក្រោយពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្តដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុនLTខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន។ រថយន្ត ដែលខ្លួនបានយកមកដាក់បញ្ចាំម៉ាកហាយឡិនឌ័រ ស៊េរី ឆ្នាំ២០០១ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AS 9691។ ក្រោយពីសួរនាំរួច កម្លាំងកងរាជ អាវុធហត្ថខេត្តសៀមរាប បានរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥។
បច្ចុប្បន្ន នៅល្ងាចថ្ងៃទី១៦ មករា ឆ្នាំ២០២៥ ត្រូវបានចៅក្រមស៊ើបសូរនៃសាលាដំបូង ខេត្តសៀមរាប សម្រេចឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបធ្វើការនាំខ្លួនជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន រហូតមានសេចក្តីសម្រេចជាថ្មី ។សហការី