(កំពង់ចាម) ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាល ឱ្យត្រូវតាមស្តង់ដារដោយមិនអាចខ្វះខាតបាន ដេីម្បីធានាថា មណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ដេីម្បីត្រៀមរៀបចំប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាពពាមកោះស្នានេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងចុងខែមិនា ២០២៥ ឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ ។
បេីតាម ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា អគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នានេះ ជាអំណោយរបស់លោកជំទាវ លាង រួចឆេង ហ៊ុនណេង ព្រមទាំងបុត្រ និងចៅ ដោយមានចំនួន ៨បន្ទប់ ក្នុងនោះមាន បន្ទប់ទឹក និងបង្គន់អនាម័យចំនួន ៥បន្ទប់ និងបន្ទប់ដាច់ដោយឡែកចំនួន ២បន្ទប់ តូបលំហែកាយចំនួន ១ រោងដាក់រថយន្ត និងម៉ូតូ ១កន្លែង និងឃ្លាំងដាក់សម្ភារៈ ១បន្ទប់ ដែលបានសាងសង់រួចរាល់ជាស្ថាពរក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ៕