ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ង៉េង ជួ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានវាយតម្លៃកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានវាយតម្លៃកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង១០។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានឲ្យលោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល-សរុប អានរបាយការណ៍សង្ខេបប្រចាំខែមិថុនា ជូនអង្គប្រជុំ។

ក្រោយមកអង្គប្រជុំស្ដាប់របាយការណ៍លទ្ធផលការងារជំនាញរបស់ការិយាល័យទាំង៩ អំពីការងារជំនាញប្រចាំថ្ងៃ និងសភាពការណ៍បទល្មើស ទិសដៅការងារបន្ដ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានផ្ដល់ឱកាសឲ្យសមាជិក សមាជិកាអង្គប្រជុំបានចូលរួមមតិយោបល់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានធ្វើការកត់សម្គាល់នូវលទ្ធផលការងារមួយចំនួន ដែលការិយាល័យជំនាញសម្រេចបាននាពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីទាំងអស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានក្រើនរំលឹកជាថ្មីដល់ លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យជំនាញទាំងអស់ ត្រូវបន្ដពង្រឹងរបៀបរបបការងារប្រចាំថ្ងៃឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបំពេញការងារ សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌឲ្យកាន់តែល្អបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *