(កំពង់ចាម) ៖ ព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានចុះបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋ បានចំនួន ១១៥លើក ដែលមានអ្នកចូលរួមចំនួន ២៤.៩៩៥នាក់ និងនាំយកអំណោយផ្សេងៗ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាផែនការបន្ទាប់ ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវពិភាក្សារៀបចំវេទិការសាធារណៈ នៅតាមមូលដ្ឋាននីមួយៗ ដោយផ្តោតយកទីតាំងដែលមានបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព និងការទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅ នឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនឹងបន្តរៀបចំវេទិកាសាធារណៈជួបសំណេះសំណាល បន្ថែមទៀត ដើម្បីបន្តដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ការកែលំអរបាតុភាពអសកម្ម និងការ ខុសឆ្គងរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ និងត្រួតពិនិត្យនូវបញ្ហាដែល ដោះស្រាយរួច ជៀសវាងការកើតមានបញ្ហាដដែលៗនៅពេលក្រោយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដឹកនាំយ៉ាងមុតស្រួច ដើម្បីឲ្យដំណើរការរបស់រាជរដ្ឋាភិបាលជិត ១ឆ្នាំនេះ ដំណើរការបានដោយជោគជ័យ ។
គួរបញ្ជាក់ថា ក្នុងពិធីនេះក៏មានការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមផងដែរ ដែលមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន៕