(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍ថ្មដា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការខេត្តពោធិ៍សាត់ បានបង្ក្រាបករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ ជនជាតិចិន ពីខេត្តព្រះសីហនុ ដល់ខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានជនសង្ស័យ៣នាក។
ប្រតិបត្តិការនេះ ធ្វើឡើងនាវេលាម៉ោង ១៣ និង៣៤នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចរង្វល់មូលភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ LIU YANG JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ធ្វើការនៅខេត្តព្រះសីហនុ។
ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ៖
ទី១- ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា
ទី២- ឈ្មោះ SUN HOU ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា
ទី៣- ឈ្មោះ FAN DING HING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។
ចំពោះជនសង្ស័យម្នាក់ឈ្មោះ FAN DING HING បានបើកបរ រថយន្តម៉ាក់ LEXUS LM 350 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CA-7658 ធ្វើការគេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន MDS ហេងហ៊ីគ្រុប ថ្មដា ក៏បានរត់គេចឡើងលើអាគារទុកចោលមួយកន្លែង បណ្តាលឲ្យបាក់ករជើងខាងឆ្វេង។
បច្ចុប្បន្នជន ជនសង្ស័យទាំង០៣នាក់ និងជនរងគ្រោះ០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕សហការី