ព័ត៌មានជាតិ

ការគឹតគូរអំពីសុខមាលភាពរបស់ប្រជាពលដ្ឋអ្នកប្រើប្រាស់ទំនិញនៅលើទីផ្សារគឺជាកិច្ចការសំខាន់ដែលត្រូវ តែមានការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសគឺភាពសុច្ចរិតរបស់អ្នកលក់ទំនិញជាសំខាន់!

(បាត់ដំបង) ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីសាខា (ក.ប.ប) ខេត្តបាត់ដំបង និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញនៅទីផ្សារចំនួន០២កន្លែង គឺនៅផ្សារភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបងនិង​នៅផ្សារខ្នាចរមាស ស្ថិតនៅឃុំខ្នាចរមាស ស្រុកប​វេល ខេត្តបាត់ដំបងព្រមទាំងទីតាំងលក់ទំនិញនៅជុំវិញផ្សារផង ។ ជាលទ្ធផល មន្រ្តីជំនាញបានពិនិត្យឃើញទំនិញមួយចំនួនដែលផុតកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព តែ អ្នកលក់នៅតែ បន្តដាក់តាំងលក់នៅលើទីផ្សារទៀតដូចជា ៖
-ទឹកក្រូចកំប៉ុង
-ទឹកផ្លែឈើកំប៉ុង
-ចាហួយកំប៉ុង
-មីកំប៉ុង
-សាប៊ូកក់សក់កូនក្មេង

ដែលទំនិញទាំងនេះ ត្រូវបានមន្រ្តីជំនាញធ្វើការដកហូត ដើម្បីយកទៅបំផ្លាញចោលនិងបានធ្វើកំណត់ហេតុ កិច្ចសន្យាជាមួយម្ចាស់ទីតាំងខាងលើ ឱ្យគាត់បានយល់ដឹងនិងបញ្ឈប់សកម្មភាពបែបនេះបន្តទៀត។

ទន្ទឹមនេះ មន្រ្តីជំនាញក៏បានចែកជូននូវខិតប័ណ្ណ Poster មួយចំនួនទៅដល់អាជីវករដែលលក់ដូរនៅទី នោះដើម្បីឱ្យគាត់បានយល់ដឹងនូវបញ្ហានិងផលប៉ះពាល់ដែលបង្កឡើងដោយទំនិញ ខូចគុណភាពឬផុត កាលបរិច្ឆេទប្រើប្រាស់។

សូមជម្រាបជូនថា ទំនិញ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានអ្នកលក់កំពុងដាក់លក់ នៅលើទីផ្សារ អាចបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ក្នុងករណីដែល អ្នក​ប្រើប្រាស់ មិន បានពិនិត្យមើលឱ្យបានដិតដល់ ឬមិនបានដឹងអំពីបញ្ហាទាំងនេះ ដែលកត្តានេះ តម្រូវឱ្យមានការចូលរួមពីអ្នកលក់ នូវ សុច្ចរិតភាព ហើយក៏ត្រូវ​ មានការត្រួតពិនិត្យពីមន្រ្តីជំនាញជាប់ជាប្រចាំផងដែរ ដើម្បីរួមចំណែកថែរក្សាបាននូវ​សុខ​មាលភាពអ្នកប្រើប្រាស់ទាំងអស់គ្នា៕ ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *