(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រគេនបច្ច័យបុណ្យកឋិនទានជូនវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញមានពុទ្ធដិការជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គដែលមកពីវត្តទាំង ៣៩ក្នុងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ បានរៀបចំវេរប្រគេនបច្ច័យជូនទៅដល់វត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តចំនួន ១០លានរៀល ដើម្បីយកទៅធ្វើការសាងសង់សមិទ្ធផលក្នុងវត្តនានា និងមានបច្ច័យបួនសម្រាប់ការធ្វើដំណើររបស់ព្រះសង្ឃមួយវត្តចំនួន ១០ម៉ឺនរៀលផងដែរ និងជូនដល់លោកអាចារ្យដែលមកជាមួយព្រះសង្ឃផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានស្នើសុំឱ្យព្រះសង្ឃនៅតាមវត្តអារាមនីមួយៗចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងវិស័យទេសចរណ៍ ទោះវត្តទាំងអស់នៅទូទាំងខេត្តបានរៀបចំបានល្អស្ទើរតែទាំងអស់ក៏ពិតមែន ជាពិសេសវត្តដែលនៅក្បែៗខេត្តរបស់យើង ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនកិច្ចនៅខេត្តព្រះសីហនុ ដូច្នេះវត្តដែលនៅក្នុងក្រុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ សុំលោកគ្រូព្រះចៅអធិការវត្តជួយពិនិត្យមើលបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅក្នុងវត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ ដែលធ្វើដំណើរចូលមកទស្សនាខេត្តព្រះសីហនុ តាមនាវាទេសចរណ៍បរទេស ដោយរៀបចំទីវត្តអារាមរបស់យើងឱ្យមានសោភ័ណភាព ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ទន្ទឹមនោះវត្តនីមួយៗត្រូវមានសកម្មភាពក្នុងការចូលរួមចំណែកជាមួយវិស័យទេសចរណ៍ វិស័យព្រះពុទ្ធសាសនា ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យមានចំណេះដឹងកាន់តែមានការកើនឡើងបន្ថែមទៀត តាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ សូមឱ្យព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យពួកគាត់ចេះស្គាល់ គោរពព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ពិសេសថែមទៀតនោះ គឺអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើងជាដើម ដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនោះសូមព្រះចៅអធិការចូលរួមដាំដុះដើមឈើបន្ថែមទៀតឱ្យទីវត្តអារាមរបស់យើង មានពណ៌បៃតង ព្រោះវត្តអារាមនាំមកនូវការតម្តល់គម្ពីបាលី និងឯកសារផ្សេងៗក្នុងការបណ្តុះបណ្តាលនូវចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តម បានបន្តទៀតថា ការជួបជុំជាមួយព្រះគ្រូនាពេលនេះ គឺជាការប្រគេនបច្ច័យ ជូនវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ហើយបច្ច័យទាំងនេះ គឺបានមកពីបុណ្យកឋិនទាន ទោះបីការប្រគេនបច្ច័យនាពេលនេះមានការយឺតយ៉ាវ ក៏ប៉ុន្តែវាល្អជាងមិនបានប្រគេន ដើម្បីឱ្យព្រះសង្ឃគ្រប់វត្តយកទៅកសាងសមិទ្ធផលនានាក្នុងវត្តអារាមឱ្យមានសោភ័ណភាព បរិស្ថាន អនាម័យកាន់តែល្អប្រសើរសម្រាប់ពុទ្ធបរិស័ទគ្រប់រូប៕