ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង សុីណេត បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi)

(ព្រះសីហនុ) ៖ រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមស្វាគមន៍គណៈប្រតិភូធុរកិច្ចជប៉ុន មកកាន់ខេត្តព្រះសីហនុ កម្ពុជា ជប៉ុន មានទំនាក់ទំនង កិច្ចសហប្រតិបត្តការល្អ និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ព្រមទាំងបានធ្វើការណែនាំកត្តាភូមិសាស្ត្រ វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចែកចេញ ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ ១១១ភូមិ ខេត្តសម្បុរទៅដោយធនធានធម្មជាតិមានកោះតូច ធំ៣២ ឆ្មេរសមុទ្រស្រស់ស្អាត ប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានលើគោក និងបាតសមុទ្រ ជាសក្តានុពល និងជាមូលដ្ឋានគ្រឹះ។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា ជាតារារះនាទិសនារតី ជាខេត្តស្នូលនៃតំបន់ខេត្តឆ្នេរទាំង៤ របស់កម្ពុជា មានដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប យើងមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣ ៣០០ម៉ែត្រ ផ្លូវទឹកមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ទឹងហាវ និងកែវផុស រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបីដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់២០២៩ ឱ្យមានជំរៅទឹកចាប់ពី ១៤,៥០ម៉ែត្រ រហូតដល់ ១៧,៥០ម៉ែត្រ អាចឱ្យនាវាមានចំណុះ ១៦ម៉ឺនតោនចូលចតបាន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ រាជរដ្ឋាភិបាលរៀបចំផែនការមេ រុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ចែកជា ៤ប្លុកធំៗ ទី១.តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ ៣.បណ្តាកោះក្នុងខេត្ត ជាតំបន់ទេសចរណ៍ ៤.តំបន់ព្រៃនប់ និងកំពង់សីលា ជាតំបន់កសិកម្ម កសិឧស្សាហកម្ម និងវារីវប្បកម្ម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរ រូបសំណាក អាងប្រពិត្តកម្មទឹកកខ្វក់ជាដើម។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្ត២០២៥ ១.ជួយសម្រួលដល់អ្នកវិនិយោគ ២.លើកទឹកចិត្តផ្នែកពន្ធ។ សង្ឃឹមថា ប្រតិភូនឹងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានការលើកទឹកចិត្ត។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្ត និងសហការី បានធ្វើបទបង្ហាញក្របខណ្ឌក្នុងខេត្តទាំងមូល ប្រតិភូ និងយល់ពីចំណុចទាក់ទាញ ការប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលបានខិតខំស្តារឡើងវិញ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម ក្រៅពីនេះក្រុមគណៈប្រតិភូបានចាប់អារម្មណ៍ពីប្រពៃណីខ្មែរ។

លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) បានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនធុរកិច្ចមកពីប្រទេសវៀតណាម ថៃ និងចិន ក្នុងគោលបំណងឈ្វេងយល់បរិយាកាសវិនិយោគ និងគោលនយោបាយផ្សេងៗក្នុងការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិយោគដែលមានចំណេះដឹង ជំនាញ និងទស្សនវិទ្យា ហើយទស្សនកិច្ចលើកនេះជួយបង្កើនឱកាសធុរកិច្ចនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបានឈ្វេងយល់ពីទំនាក់ទំទងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *