ព័ត៌មានជាតិ

គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) បានអញ្ជើញមកស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាព​សរុបប្រមាណ ១២ រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការអញ្ជើញរបស់គណៈប្រតិភូEU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត។

ជាកិច្ចចាប់ផ្តើម លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

លោកប្រធាននៃគណៈប្រតិភូបានលើកឡើងថា​ នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់, ឧស្សាហកម្ម,​ ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *