ខេត្តព្រៃវែង៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ច ប្រជុំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ហេរញ្ញឹក លេខាធិការ សមាជិកគណៈកម្មាធិការសាខា លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត និងមន្រ្តីក្រុមប្រតិបត្តសាខាខេត្ត សរុបអ្នក ចូលរួមចំនួន ១៦នាក់ ស្រី ៤នាក់ នៅសាលប្រជុំសាខា កក្រក ខេត្តព្រៃវែង។
ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពី សំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខ ពី សំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- បង្ហាញអំពីនិតិវិធីនៃការរៀបចំ
២- ពិភាក្សាស្តីពីការរៀបចំសមាសភាពគណៈកិត្តិយស គណៈកម្មាធិការសាខា
៣- ពិភាក្សាជ្រើសរើសថ្ងៃរៀបចំសន្និបាតសាខាអាណត្តិទី៦
៤- បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតសាខា
៥- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ
ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក គណៈ កម្មាធិការសាខាខេត្ត សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាន នូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។