ខេត្តក្រចេះ : ព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សនិស្សិតទាំងអស់ ដែលមកទស្សនាតំបន់ព្រំដែននៅក្នុងខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេតហតក្រចេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃនេះ គឺផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាប់ផ្តើមនៅថ្ងៃសៅរ៍នេះតទៅ។
សូមបញ្ជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។