ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង សុីណេត អញ្ជើញជាអធិបតី ក្នុងពិធីដង្ហែរពានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង ប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែរពានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ មានមតិសោមនស្សរីករាយជាអនេកប្បការប្រកបដោយមោទកភាពដ៏ជ្រាលជ្រៅ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់សាលាមតេ្តយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ចំណាត់ថា្នក់លេខ១ -វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំណាត់ថា្នក់លេខ៥ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណាត់ថា្នក់លេខ៧។ ជោគជ័យដែលយើងទទួលបាននាពេលនេះ គឺពិតជាបាននំាមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខា ភិបាលនៅខេត្ត ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាវិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជម្រុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិឱ្យមានការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំងបន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។ មហាសមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់ និងថ្ងៃឈប់សម្រាករបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរសុខា ភិបាលខេត្ត ព្រមទាំងផ្តល់សេវាថែទាំសុខភាព លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ជូនប្រជាជន។

ឯកឧត្តម អភិបាលខេត្ត ថ្លែងអំណរគុណចំពោះឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន និងអ្នកពាក់ព័ន្ធដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យអប់រំ និងវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាពេលនេះ។

ឯកឧត្តម សុខ គាង ប្រធានក្រុមការងារវិស័យអប់រំយុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមើលឃើញពីចក្ខុវិស័យការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយើងទទួលបានជ័យលាភីពានរង្វាន់សាលាមត្តេយ្យធនធានក្រុង ទទួលបានពានជ័យលាភីលេខ១ សូមចូលរួមអបអរសាទរ និងលើកពាននាថ្ងៃនេះ និងឈានសម្រេចបាន ពានបន្ថែមទៀតនៅឆ្នាំខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *